ឡានហោះអគ្គិសនីគំរូដែលហោះឡើង និងចុះចតដោយត្រង់ AE200 ដែលមានស្លាបប្រវែង 14.5 ម៉ែត្រ កាលពីថ្ងៃទី 06 មេសា ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។
ឡានហោះមានមនុស្សបើក AE200 ត្រូវបានអភិវឌ្ឍតែឯងដោយ Aerofugia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តចិន Geely។ កាលពីថ្ងៃទី 06 មេសា ឡានហោះនេះត្រូវបានដាក់បង្ហាញជាលើកដំបូងនៅទីក្រុង Chengdu របស់ខេត្ត Sichuan។
AE200 គឺជាឡានហោះអគ្គិសនីប្រភេទហោះឡើង និងចុះចតត្រង់ ធំជាងគេបង្អស់ និងបានធ្វើការសាកល្បងហោះហើរលើកដំបូងនៅប្រទេសចិន។ ឡានហោះនេះមានកម្ពស់ 3.5 ម៉ែត្រ បណ្ដោយ 9.5 ម៉ែត្រ និងស្លាបមានប្រវែង 14.5 ម៉ែត្រ អាចដឹកមនុស្សបានប្រាំនាក់។
ដងខ្លួនរបស់ឡានហោះនេះធ្វើអំពីវត្ថុធាតុ composite ដែលជួយកាត់បន្ថយសំឡេងរំខាន។ ក្នុងអនាគត AE200 អាចហោះហើរលើកម្ពស់ចាប់ពី 300 ដល់ 1,000 ម៉ែត្រ និងហោះបានចម្ងាយពី 200 ដល់ 300 គីឡូម៉ែត្រ ក្នុងល្បឿន 250 គីឡូម៉ែត្រ/ម៉ោង។
នៅពេលមានវត្តមានក្នុងទីផ្សារជាផ្លូវការ ឡានហោះអគ្គិសនី AE200 នឹងត្រូវបានដាក់ឱ្យដំណើរការហោះហើររវាងទីក្រុង និងទីក្រុង៕