Skip to content

U-22 ថៃ ជួប​ការលំបាក​ក្នុងការ​ប្រមូល​កម្លាំង​ដែល​ខ្លាំង​បំផុត​នៅ​ស៊ី​ហ្គេម​លើក​នេះ

កាលបរិច្ឆេទ​ប្រកួត​របស់​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32 មិន​ជាន់គ្នា​នឹង FIFA Days ហើយ​ការប្រកួត​នៅ​ពានរង្វាន់​ជើងឯក​បាល់ទាត់​ជាតិ​ថៃ Thai League 1 កំពុង​ធ្វើឡើង ដូច្នេះ U-22 ថៃ ទំនងជា​ពិបាក​ក្នុងការ​ប្រមូល​កីឡាករខ្លាំងៗបំផុត​មក​ទាត់​នៅ​កម្ពុជា។

វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ខណៈដែល Thai League 1 ត្រូវ​ប្រកួត​រហូតដល់​ថ្ងៃទី 12 ឧសភា​ទើប​ចប់។ ដោយសារតែ​មិនជា​ន់​នឹង​កាលបរិច្ឆេទ FIFA Days ដូច្នេះ​បណ្ដា​ក្លឹប​នៅ​ប្រទេស​ថៃ​មិន​អាច​ត្រូវ​បាន​តម្រូវ​​​ឱ្យ​បញ្ចេញ​កីឡាករ​ក្នុងឱកាស​នេះ។

សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) និង​គណៈកម្មការ​រៀប​ចំ Thai League មាន​គោលការណ៍​ផ្ដល់​អាទិភាព​ឱ្យ​បណ្ដា​ពានរង្វាន់ចាប់​ពី​​ថ្នាក់​ទ្វីបអាស៊ី​ឡើងទៅ។ បណ្ដា​ក្លឹប​នឹង​គាំទ្រ​ដល់​ក្រុម U-23 ច្រើនជាង នៅពេល FAT ត្រូវការ​ប្រមូល​កីឡាករ​ទៅ​ប្រកួត​វគ្គ​ជម្រុះ U-23 អាស៊ី ឬ​វគ្គ​ជម្រុះ Olympic។ ហេតុ​នេះ​ហើយ ទើប FAT ត្រូវ​ចរចា​​ជាមួយ​ក្លឹបនីមួយៗដើម្បី​សូមឱ្យ​ផ្ដល់​កីឡាករ។

គ្រូបង្វឹក​ថៃ Issara Sritaro ​សង្ឃឹមថា នឹង​កោះហៅ​បាន​បណ្ដា​កីឡាករសំខាន់ៗ មានដូចជា ខ្សែការពារ Chatmongkol Rueangthanarot, Jonathan Khemdee, ខ្សែបម្រើ Airfan Doloh, Channarong Promsrikaew ឬ​ខ្សែប្រយុទ្ធ Teerasak Poeiphimai សម្រាប់​ការ​ប្រកួត​នៅ​កម្ពុជា។ ប៉ុន្តែ កំពូល​ខ្សែប្រយុទ្ធ Suphanat Mueanta ដែល​បច្ចុប្បន្ន​ទាត់​ឱ្យ​ក្លឹប Buriram United មាន​ភាគរយ​នៃ​អវត្តមាន​រហូតដល់ 99%។ គ្រូបង្វឹក U-22 ថៃ និយាយថា «Suphanat នឹង​ទៅកាន់​អឹ​រ៉ុ​ប​ដើម្បី​ហាត់ បន្ទាប់ពី Thai League 1 បានបញ្ចប់»។

កំពូលខ្សែប្រយុទ្ធ Suphanat Mueanta ទំនងជាពិបាកចូលរួមប្រកួតនៅស៊ីហ្គេមលើកនេះ

ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ថៃ​ឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប Buriram និង​សង្ឃឹមថា ក្លឹប​នេះ​នឹង​យល់​ព្រមឱ្យ Suphanat ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​ចាប់ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

នៅ​ស៊ី​ហ្គេម​លើក​នេះ បណ្ដា​ក្រុម U-22 ត្រូវបាន​អនុញ្ញាតឱ្យ​ចុះឈ្មោះ​កីឡាករ​ផ្លូវការ​ត្រឹមតែ 20 នាក់​ប៉ុណ្ណោះ។ ថៃ​ដាក់​គោលដៅ​ដណ្ដើម​មេដាយមាស​ឱ្យបាន​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រោយពី​ឈរ​មើល​វៀតណាម​គ្រប់គ្រង​​តំណែង​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា។ នៅ​កម្ពុជា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ស្ថិតក្នុង​ពូ​ល B ដែល​នឹងត្រូវ​ប្រកួត​ជាមួយ​សិង្ហ​បុរី​នៅ​ថ្ងៃទី 30 មេសា, ប៉ះ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី 06 ឧសភា, ប៉ះ​ឡាវ​ថ្ងៃទី 08 ឧសភា និង​វៀតណាម​នៅ​ថ្ងៃទី 11 ឧសភា ឆ្នាំ 2023៕

Leave a Reply

Your email address will not be published. Required fields are marked *