Skip to content

ថ្នាក់ដឹកនាំ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

ភ្នំពេញ៖ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម​ជាតិ សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើកសម្ពោធ “ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ឆ្នាំ2017” ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី26 ខែតុលា ឆ្នាំ2017 នៅឯ​មជ្ឈមណ្ឌល​វិមាន​សុភមង្គល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ដែល​ពិព័រណ៍​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី29 តុលា។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​កោតសរសើរ​ចំពោះ​ការផ្តួចផ្តើម​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បានដាក់​ចេញ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ ជំនួស​ផលិតផល​នាំចូល​ពី​បរទេស។ តាមរយៈ​ការរៀបចំ និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា មាន​កំណើន​កាន់តែ​ប្រសើរ​រៀងរាល់ឆ្នាំ។

ទន្ទឹមគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី1នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ។ សម្រាប់​រដូវ​កាល​ទី2នេះ ក្រសួង​នឹង​បន្តធ្វើ​ឱ្យបាន​នៅក្នុង​ខេត្ត-ក្រុង​ចំនួន 4ទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាជន ចំពោះ​ផលិតផល​ខ្មែរ។

សូមបញ្ជាក់ថា នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថ្ងៃនោះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន 194ក្រុមហ៊ុន និង​មាន​ស្តង់​លក់​សរុប​ចំនួន 200ស្តង់ ហើយ​ក្នុងនោះ​ក៏មាន​រៀបចំ​សិក្ខាសាលា កម្មវិធី​ជំនួប​ពិភាក្សា​រវាង​អ្នក​ផលិត-អ្នកផ្គត់ផ្គង់ និង​អ្នកបញ្ជា​ទិញ-អ្នកប្រើប្រាស់​ផលិតផល​ខ្មែរ ព្រមទាំង​ការប្រគំ​តន្ត្រី ដែលមាន​ការចូលរួម​សម្តែង​ពី​សិល្បករ និង​សិល្បការិនីល្បីៗនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *