(ប្រទេសចិន) – ស្ត្រីម្នាក់ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមត្រូវបើកភ្នែកធំៗ ព្រោះនៅតែទៅបំពេញការងារជាអ្នកលាងចានឱ្យភោជនីយដ្ឋានមួយនៅទីក្រុង Chengdu បើទោះគ្រួសារមានជីវភាពធូរធារ និងមានទាំងរថយន្តប្រណិត Bentley។
នៅក្នុងវីដេអូដែលត្រូវបានចែករំលែកតគ្នាលើបណ្ដាញសង្គមនៅប្រទេសចិន ស្ត្រីវ័យកណ្ដាលម្នាក់ មានសក់ស្កូវ ពាក់អៀម និងស្រោមដៃកៅស៊ូ ឈានជើងចេញពីរថយន្ត Bentley Mulsanne ពណ៌ខ្មៅដែលចតនៅខាងមុខហាងស៊ុបមួយក្នុងទីក្រុង Chengdu ខេត្ត Sichuan កាលពីថ្ងៃទី 01 មេសា។
«នៅផ្ទះធុញណាស់។ ខ្ញុំមានអារម្មណ៍មិនល្អបើសិនមិនបានលាងចានមួយថ្ងៃ» ស្ត្រីខាងលើបកស្រាយពីមូលហេតុដែលគាត់នៅតែធ្វើជាអ្នកលាងចាន។
ម្ចាស់ហាងស៊ុបនេះបានឱ្យដឹងថា គ្រួសារបុគ្គលិករូបនេះមានជីវភាពធូរធារ ហើយអ្នកស្រីចង់មកធ្វើការដើម្បីកំដរពេលវេលា។ អ្នកបើកបរដែលជាកូនស្រីរបស់ស្ត្រីខាងលើនិយាយថា មិនអាចឃាត់ម្ដាយធ្វើអ្វីដែលគាត់ចង់ ទើបជួយបើកឡានជូនគាត់ទៅធ្វើការ និងមកទទួលគាត់ជារៀងរាល់ថ្ងៃ។
អ្នកលេងបណ្ដាញសង្គមសម្ដែងការកោតសរសើរចំពោះភាពឧស្សាហ៍ «អ្នកមានលាងចាន» ខាងលើ ហើយអ្នកខ្លះចាត់ទុកថា អ្នកស្រីគឺជាគំរូល្អ ជាប្រភពកម្លាំងចិត្ត៕