Skip to content

គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ មើលឃើញ​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

ភ្នំពេញ – ស្របតាម​ការ​អនុវត្ដ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ«China Ready» ដែល​កម្ពុជា​រំពឹងថា នៅ​ឆ្នាំ2020 អាច​នឹង​ស្រូប​យកបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ2លាន​ក្នុង​មួយឆ្នាំ គណៈប្រតិភូ​ចិន​នៃ​ខេត្ត​គុន​មិញ បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​កំពុងតែ​សម្លឹង​ឃើញ​ឱកាស​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​សក្ដានុពល​ខាង​ផ្នែក​ទេសចរណ៍​បែប​វប្បធម៌ និង​អេកូ​ទេសចរណ៍។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​គណៈប្រតិភូ​ចិន​នៃ​ខេត្ដ​គុន​មិញ ដែលមាន​បំណង​មកវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ផ្នែក​ទេសចរណ៍ ពិសេស​ប្រទេស​កម្ពុជា​ទាំងមូល​ពោរពេញ​ទៅដោយ​សុខសន្តិភាព ស្ថិរភាព​ន​យោ បាយ និង​ច្បាប់​វិនិយោគ​ក៏​អំណោយផល និង​ផ្តល់​ការអនុគ្រោះ​ដល់​វិ​យោគិន​ផងដែរ។ ឯកឧត្ដម​បន្ដ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​សមាជិក​នៃ​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ​សមុទ្រ ដែល​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ។ ដូច្នេះ​កំណើន​ភ្ញៀវទេសចរ​នៅ​កម្ពុជា មិនអាច​កាត់ផ្តាច់​ចេញ​បាន​ពី​ទេសចរ​ចិន​បានឡើយ។

នៅ​ឆ្នាំ2016 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន 83ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ2020 ខាងមុខ កម្ពុជា​កំពុង​រៀបចំខ្លួន​ជាច្រើន​ដើម្បី​ទាក់ទាញ និង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​ឲ្យ​បាន​យ៉ាងតិច2លាន​នាក់ ជាមួយ​កំណើន​នៃ​ភ្ញៀវទេសចរ​បរទេស​ប្រមាណ7លាន​នាក់។ តាមរយៈ​ការ​មាន​កំណើន​ភ្ញៀវទេសចរ​បរទេស​នៅ​ឆ្នាំ2020 កម្ពុជា​នឹងត្រូវ​ការ​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ផ្នែក​ទេសចរណ៍​ជិត1លាន​នាក់ ស្រប​ពេលដែល​ឆ្នាំ2017នេះ មាន​មនុស្ស​ម្រើ​ការងារ​ដោយផ្ទាល់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នេះ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​ទៀត។

ជាមួយគ្នា​លោក វ៉ាង យូ ជុង អនុប្រធាន​គណៈកម្មាធិកា​រ​រដ្ឋបាល​រមណីយដ្ឋាន​ជាតិ​ខេត្ត​គុន​មិញ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​នៃ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ពិសេស​ក៏បាន​អញ្ជើញ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ទៅ​ទស្សនកិច្ច​នៅ​តំបន់​រមណីយដ្ឋាន​នៅ​ខេត្ដ​គុន​មិញ​ផងដែរ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​គ្នា​ទៅវិញទៅមក។

គួររំឭកថា តាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ឆ្នាំ2020 ខាងមុខ ភ្ញៀវទេសចរ​ចិន​រហូតដល់​ទៅ ជាង 200លាន​នាក់​នឹង​ចេញទៅ​ក្រៅប្រទេស​ដែលមាន​ការចំណាយ​រហូត​ជាង 420 ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ 70ភាគរយ​មក​អាស៊ី។ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង10 ទើប បានទទួល​ភ្ញៀវទេសច​រ​ចិន​ជាង20លាន​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ទទួលបាន​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អាស៊ី​បូព៌ា ដែលមាន​ផ្ទៃដី​សរុប​ធំ​លំដាប់ថ្នាក់​ទី3 និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក ជាប់​ចំណាត់ថ្នាក់​ទី2 បន្ទាប់ពី​សហរដ្ឋអាមេរិក ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង10ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ2014 ដែលមាន​អត្រាកំណើន​ជា​មធ្យម 7.4% ក្នុង​មួយឆ្នាំ និង​នៅ​ឆ្នាំ2015 មាន​ចំនួន11ទ្រី​លាន​ដុល្លារ នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែលមាន​កំណើន6.8%៕

Leave a Reply

Your email address will not be published. Required fields are marked *