Disney Wish ដែលជាកប៉ាល់ទេសចរណ៍ថ្មីបំផុត ធំបំផុត និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Disney Cruise Line អាចដឹកមនុស្ស 5,555 នាក់។
Disney Wish ជាកប៉ាល់ទេសចរណ៍ធំបំផុតនៅក្នុងក្រុមកប៉ាល់ទេសចរណ៍របស់ Disney Cruise Line ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Walt Disney។ កប៉ាល់នេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងរោងចក្រ Meyer Werft នៅអាល្លឺម៉ង់ កាលពីខែមីនា 2020 និងទើបតែត្រូវបានដាក់ឱ្យដំណើរការកាលពីខែកក្កដា 2022។
កប៉ាល់ទេសចរណ៍ Disney Wish មិនដូចទៅនឹងកប៉ាល់ណាៗទាំងអស់ នៅក្នុងចំណោមកប៉ាល់ដែល Disney Cruise Line ធ្លាប់មាននាពេលកន្លង។ Disney Cruise Line និង Meyer Werft បានចំណាយពេលអស់មួយឆ្នាំកន្លះ ដើម្បីបង្ហើយការងាររចនា និងបច្ចេកទេស មុនពេលចាប់ផ្ដើមការសាងសង់។
កប៉ាល់ទេសចរណ៍ថ្មីនេះត្រូវបានផ្គុំឡើងពីផ្នែកនានាចំនួនជាង 100។ ក្នុងនោះ ផ្នែកនីមួយៗត្រូវបានចែកជាច្រើនចំណែក ហើយមួយចំណែកៗគឺជាខុសគ្នាទាំងស្រុង។ ផ្នែកនីមួយៗតែងតែលាតសន្ធឹងទទឹងកប៉ាល់ និងមានកម្ពស់ពី 3 ទៅ 4 ជាន់។ ជាសរុប ពួកវាមានទម្ងន់ជាង 60 លានគីឡូក្រាម ស្មើនឹងយានអវកាសអាម៉េរិក Shuttle ចំនួន 30 គ្រឿង។
Disney Wish ជាកប៉ាល់ទេសចរណ៍ធំបំផុតនៅក្នុងក្រុមកប៉ាល់ទេសចរណ៍របស់ Disney Cruise Line
Disney Wish មានបណ្ដោយ 341 ម៉ែត្រ ទទឹង 39 ម៉ែត្រ និងកម្ពស់ 67 ម៉ែត្រ។ កប៉ាល់នេះមានបន្ទប់ដេកចំនួន 1,254 រួមនឹងភោជនីយដ្ឋាន តំបន់លេងកម្សាន្តជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ Disney Wish អាចដឹកភ្ញៀវបានរហូតដល់ 4,000 នាក់ និងបុគ្គលិក 1,555 នាក់។