Skip to content

ក្រុមហ៊ុន Taixi របស់​ថៃ​ចង់​ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា

ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ Oudom Wang ប្រធាន​ក្រុមហ៊ុន Taixi Development Group Co.,Ltd. បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចូលជួប​ពិភាក្សា​ស្ថានភាព​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម មុននឹង​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ចូលមក​វិនិយោគ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ Oudom Wang បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន និង​ស្ថានភាព​ទីផ្សារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន។ លោក​បាន​ជម្រាបជូន​ពី​កម្រង​ក្រុមហ៊ុន​របស់ខ្លួន ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់លោក​បាន​ចុះបញ្ជី​ការ​តាមផ្លូវ​ច្បាប់​នៅ​ប្រទេស​ថៃ​ដែលមាន​ទុន​ចុះបញ្ជី​ចំនួន20លាន​ដុល្លារ​សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ចំនួន 13 និង​សាខា​ចំនួន25 ។ ក្នុងនោះ​ក្រុមហ៊ុន Taixi Development Group កាន់​ភាគហ៊ុន 100% និង​ជាង 50% នៅ​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​មាន​និយោជិត​ជាង 1,600 នាក់ មានកម្ម​វត្ថុ​អាជីវកម្ម​ដូចជា ការវិនិយោគ​ពាណិជ្ជកម្ម អចលនទ្រព្យ ដឹកជញ្ជូន​ផ្លូវអាកាស ចំណីអាហារ សណ្ឋាគារ អភិវឌ្ឍន៍​កសិកម្ម សំណង់ ឧបករណ៍​សុខាភិបាល ផលិតផល​សុខភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ទេសចរណ៍ ថាមពលបៃតង ដំណាំ និង​ផលិតផល​កៅស៊ូ ជាដើម ។

លោក​បញ្ជាក់​បន្ថែមថា ប្រធាន​កិ​ត្ត​យស​របស់​ក្រុមហ៊ុន​គឺ ឯកឧត្តម Chavalit Yongchaiyudh អតីត​នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​ថៃ ។ ហើយ​គោលបំណង​នៃ​ជំនួប​ថ្ងៃនេះ គឺ​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ហើយ​នៅ​ថ្ងៃមុខ​នឹងមាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ ជាពិសេស​ផ្នែក​វិស័យ​រោងចក្រ​នឹង​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា គឺ​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋ​ចិន​ក្នុង​ការជំរុញឱ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មក​បណ្តាក់ទុន​នៅក្រៅ​ប្រទេស​ឱ្យបាន​ច្រើន។ ជាពិសេស​នាឱកាស​នេះ​គឺ ចង់បាន​ការណែនាំ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា ។

ជាមួយនឹង​ការលើកឡើង​ខាងលើ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​ចាត់ទុក​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រសើរ​នៅក្នុង​តំបន់ និង​ប្រទេស​ជា​មិត្ត។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​ដោយ​លើក​កត្តា 3 យ៉ាង​ជាសំខាន់​ដែលជា​មូលដ្ឋាន​បង្ក​បរិយាកាស​វិនិយោគ​យ៉ាង​ប្រពៃ​រួមមាន៖ កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច តម្លាភាព​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អនុញ្ញាតឱ្យ​ទំនិញ​នាំ​ចេញពី​កម្ពុជា​ដោយ​រួច​ពន្ធ និង​មិន​ជាប់​កូតា​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ជាច្រើន​រួមទាំង​ប្រទេស​ចិន​ផងដែរ ។

កម្ពុជា​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​បច្ចុប្បន្ន​មាន​ជិត1ពាន់​រោងចក្រ នេះ​ដោយសារ​កម្ពុជា​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​នេះឯង។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ណែនាំ​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន​ចាប់អារម្មណ៍​នៅ​ទីតាំង​ខេត្ត​ព្រះសីហនុ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ក្នុង​ខេត្ត​ទាំងមូល​តែម្តង ពីព្រោះ​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ មាន​ផ្លូវ រថភ្លើង និង​ព្រលានយន្តហោះ៕

Leave a Reply

Your email address will not be published. Required fields are marked *