យោងតាមទំព័រ Reuters ឥណ្ឌូណេស៊ីបានបញ្ចុះអត្រាពន្ធលើតម្លៃបន្ថែម (VAT) ចំពោះរថយន្តអគ្គិសនីប្រើថ្មផ្ទុកថាមពល ពី 11% ចុះមកនៅត្រឹម 1% ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីការបញ្ចុះអត្រាពន្ធនេះកាលពីថ្ងៃទី 03 មេសា ក្នុងគ្រាដែលប្រទេសនេះកំពុងប្រឹងប្រែងទាក់ទាញការវិនិយោគសម្រាប់ការផលិតយានយន្តអគ្គិសនីក្នុងស្រុក។ ក្រសួងកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ីបានប្រកាសថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីខែនេះរហូតដល់ដំណាច់ឆ្នាំ 2023។
ការបញ្ចុះអត្រាពន្ធលើតម្លៃបន្ថែមនេះក៏ត្រូវបានអនុវត្តចំពោះរថយន្តក្រុងមួយចំនួនដែលដំណើរការដោយថាមពលអគ្គិសនីផងដែរ។
ឥណ្ឌូណេស៊ីកំពុងតែជំរុញការប្រឹងប្រែងក្នុងការស្រូបទាញទុនវិនិយោគទៅក្នុងវិស័យផលិតថ្មផ្ទុកថាមពលសម្រាប់យានយន្តអគ្គិសនីក្នុងប្រទេស ដើម្បីទាញយកប្រយោជន៍ពីភាពសម្បូររ៉ែនីកែល ដែលជាវត្ថុធាត់សំខាន់សម្រាប់ការផលិតថ្មផ្ទុកអគ្គិសនី របស់ប្រទេសនេះ។
ក្រុមមន្ត្រីពាក់ព័ន្ធនៅឥណ្ឌូណេស៊ី បាន និងកំពុងព្យាយាមអូសទាញការវិនិយោគពីក្រុមអ្នកផលិតរថយន្តអគ្គិសនីធំៗ មានជាអាទិ៍ Tesla របស់អាម៉េរិក និង BYD របស់ចិន។ ចំណែក LG និង Hyundai បានចាប់ផ្ដើមសាងសង់បណ្ដារោងចក្រផលិតថ្មផ្ទុកថាមពលនៅប្រទេសនេះរួចហើយ។
កាលពីខែមុន ឥណ្ឌូណេស៊ីបានឱ្យដឹងថា នឹងបែងចែកប្រាក់ 466.77 លានដុល្លារអាម៉េរិកនៅក្នុងមូលនិធិជាតិដើម្បីឧបត្ថម្ភដល់ការលក់ម៉ូតូអគ្គិសនីរហូតដល់ឆ្នាំ 2024៕