Swap Energy ដែលជាក្រុមហ៊ុនផ្គត់ផ្គត់ដំណោះស្រាយសម្រាប់ការប្ដូរថ្មម៉ូតូអគ្គិសនី មានទីស្នាក់ការកណ្ដាលនៅឥណ្ឌូណេស៊ី ប្រមូលទុនបានប្រហែល 7.2 លានដុល្លារអាម៉េរិក នៅក្នុងជុំនៃការប្រមូលទុនមុន Series A ដែលនាំមុខដោយ Ondine Capital។
Ondine Capital បានវិនិយោគជិតបីលានដុល្លារទៅលើ Swap Energy នៅជុំនេះ។ បណ្ដាក្រុមហ៊ុនដែលបានចូលរួមវិនិយោគក្នុងជុំប្រមូលទុននេះ មានដូចជា មូលនិធិ SBI Kejora, Indonesia PT Wahana Sentosa Cemerlang និង New Energy Nexus។
Randolph Hsu ដែលជាស្ថាបនិករបស់ Ondine Capital បានបញ្ជាក់អំពីព័ត៌មានខាងលើ និងបន្ថែមថា ក្រុមហ៊ុន Ondine Capital មានកៅអីមួយនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ Swap Energy។
អាយុកាលរបស់ថ្មផ្ទុកថាមពលគឺជាចំណុចសំខាន់ចំពោះអ្នកប្រើប្រាស់ម៉ូតូអគ្គិសនី។ Swap Energy ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2019 គឺដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការកសាងស្ថានីយប្ដូរថ្មសម្រាប់របស់ម៉ូតូអគ្គិសនី។ បច្ចុប្បន្ន Swap Energy មានស្ថានីយប្ដូរថ្មជាង 800 កន្លែងនៅក្នុង 14 ខេត្តក្រុងរបស់ឥណ្ឌូណេស៊ី។
កាលពីឆ្នាំ 2021 ក្រុមហ៊ុន Swap Energy បានបង្កើតយីហោម៉ូតូអគ្គិសនីមួយដែលមានឈ្មោះថា Smoot។ មួយឆ្នាំក្រោយមក Swap Energy និង Smoot សហការជាមួយ Grab និងក្រុមហ៊ុនអគ្គិសនីរដ្ឋ PLN ដើម្បីអភិវឌ្ឍបណ្ដាញយានយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី។
ជាអ្នកផលិតនីកែល (សមាសធាតុសំខាន់របស់ថ្មផ្ទុកអគ្គិសនី) លំដាប់កំពូលមួយលើពិភពលោក ឥណ្ឌូណេស៊ីកំពុងប្រឹងប្រែងដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតយានយន្តអគ្គិសនីរបស់ពិភពលោក។ ឥណ្ឌូណេស៊ីកំណត់គោលដៅផលិតម៉ូតូអគ្គិសនីឱ្យបាន 2.5 លានគ្រឿង និងរថយន្តអគ្គិសនីឱ្យបាន 600,000 គ្រឿងត្រឹមឆ្នាំ 2030 សមស្របនឹងការសន្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ 29% នៅក្នុងដំណាក់កាលដូចគ្នា។
កត្តាសំខាន់មួយក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីគឺការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ រួមមានទាំងស្ថានីយបញ្ចូលថាមពលអគ្គិសនីសម្រាប់យានយន្តអគ្គិសនី និងស្ថានីយប្ដូរថ្មផ្ទុកអគ្គិសនី។ ទន្ទឹមនឹងក្រុមហ៊ុន Swap Energy នៅក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថ្មផ្ទុកអគ្គិសនីរបស់ឥណ្ឌូណេស៊ី ក៏នៅមានក្រុមហ៊ុន Volta Indonesia និង EVolt Charging Network ផងដែរ៕