លោក Claude Puel ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Leicester បានបញ្ជាក់ថា ការទទួលជ័យជម្នះលើក្រុមទូកក្តោង Everton ក្នុងលទ្ធផល 2-0 កាលពីថ្ងៃអាទិត្យ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការចាប់ផ្តើមការងារក្នុងនាមជាគ្រូបង្វឹករបស់លោក។
អតីតគ្រូបង្វឹករបស់ក្លិប Southampton រូបនេះ ដែលត្រូវបានតែងតាំងកាលពីថ្ងៃពុធ ដើម្បីជំនួសកន្លែងរបស់លោក Craig Shakespeare នោះ បានឃើញ Jamie Vardy បង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងតំបន់ប្រយុទ្ធ ហើយកីឡាករ Demarai Gray បានធ្វើឲ្យកីឡាករ Jonjoe Kenny ស៊ុតបាល់ចូលទីរបស់ខ្លួនឯងមួយគ្រាប់។
លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ដែលក្រុមរបស់លោកបានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ11នៅលើតារាងក្របខ័ណ្ឌ Premier League នោះ បានឲ្យដឹងថា៖ «ខ្ញុំបានឃើញក្រុមមួយក្នុង Leicester មានស្មារតីប្រយុទ្ធល្អ មានការរៀបចំល្អ និងមានសាមគ្គីភាពដ៏រឹងមាំ»។ លោក Puel បានបន្ថែមទៀតថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍ទៅនឹងទម្រង់លេងរបស់កីឡាករ។
ខ្ញុំសង្ឃឹមថា វាគ្រាន់តែជាការចាប់ផ្តើមនៃរឿងមួយប៉ុណ្ណោះ»។ ដោយឡែក ក្រុម Everton ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកបណ្តោះអាសន្ន David Unsworth ក្រោយពីការបណ្តេញលោក Ronald Koeman កាលពីថ្ងៃចន្ទនោះ នៅតែស្ថិតក្នុងតំបន់កាត់ចោលដដែល។ បច្ចុប្បន្ន ក្រុម Leicester ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រដូវកាលឆ្នាំ2015-2016 កត់ត្រាជ័យជម្នះ3លើកជាប់ៗគ្នា ក្នុងក្របខ័ណ្ឌកំពូល និងពាន Carabao Cup ដោយជ័យជម្នះពីរលើកបានកើតឡើងក្រោមការដឹកនាំរបស់លោក Michael Appleton និង1លើកទៀតក្រោមការដឹកនាំរបស់លោក Puel៕
ប្រភពពី៖ BBC