(ភ្នំពេញ) – កម្ពុជាបានរៀបចំកម្លាំងសរុប មធ្យោបាយសរុប និងបានកសាងផែនការប្រកបដោយភាពហ្មត់ចត់ និងលម្អិតគួរជាទីកក់ក្តៅ ក្នុងការត្រៀមខ្លួនរួចរាល់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី 12។
ដំណឹងខាងលើត្រូវបាន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងអាស៊ានប៉ារ៉ាហ្គេមលើកទី 12 (CAMAPGOC) ឱ្យដឹងកាលពីល្ងាចថ្ងៃទី 03 មេសា 2023។ នេះបើយោងតាមទំព័រ Cambodia2023។
យោងតាមប្រធាន CAMSOC-CAMAPGOC វឌ្ឍនភាពការងាររៀបចំសម្រាប់ស៊ីហ្គេមលើកទី 32 មានចំណុចសំខាន់ៗមួយចំនួន មានជាអាទិ៍ ការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការសង្គ្រោះព្យាបាល ការរៀបចំកម្លាំងសរុបមធ្យោបាយសរុប បានកសាងផែនការប្រកបដោយភាពហ្មត់ចត់ និងលម្អិតគួរជាទីកក់ក្តៅ។
បច្ចុប្បន្ន ព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គ្រោងនឹងប្រើប្រាស់កងកម្លាំងសមត្ថកិច្ចសរុបជាង 5,000 នាក់ និងមន្ត្រីសុខាភិបាលប្រមាណ 3,000 នាក់។ ពិធីបើក-បិទរបស់ព្រឹត្តិការណ៍កីឡានេះនឹងមានអ្នកសម្ដែងទស្សនីយភាពប្រមាណ 3,000 នាក់ ក្នុងនោះមាន សិល្បករ-សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមាណ 1,000 នាក់ កីឡាករ កីឡាការិនី និងកងទ័ព ចំនួនប្រមាណ 2,000 នាក់។
ទន្ទឹមនឹងនេះ ស៊ីហ្គេមទី 32 ក៏មានអ្នកស្ម័គ្រចិត្តចូលរួមជួយបំពេញការងារនានាប្រមាណ 5,000 នាក់ ដែលទាំងអស់ត្រូវបានជ្រើសរើស និងបំពាក់បំប៉នរួចរាល់។
ចំណែកការរៀបចំទីលានប្រកួត រួមទាំងការបំពាក់ឧបករណ៍សម្ភារបរិក្ខា និងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមបទដ្ឋានបច្ចេកទេសកីឡា បាននិងកំពុងរៀបចំ និងជំរុញយ៉ាងសកម្មផងដែរ។ ចំពោះការតុបតែងលម្អតាមគោលដៅ និងតាមទីតាំងប្រកួត រដ្ឋបាលរាជធានី-ខេត្ត និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កំពុងសហការគ្នាជំរុញបន្តយ៉ាងសកម្ម។
នៅស៊ីហ្គេមលើកទី 32 នេះ មានកីឡាចំនួន 37 ប្រភេទ ដែលស្មើនឹង 581 វិញ្ញាសា។ ការប្រកួតកីឡាស៊ីហ្គេមលើកនេះ នឹងដំណើរការពីថ្ងៃទី 05 ដល់ទី 17 ឧសភា ឆ្នាំ 2023៕