ម្ចាស់ផ្ទះកម្ពុជាបានប្រកាសតួលេខនៃចំនួនក្រុមបាល់ទាត់បុរសជម្រើសជាតិ នារីជម្រើសជាតិ ដែលនឹងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 (32nd Southeast Asian Games) ដែលនឹងធ្វើឡើងនៅកម្ពុជាក្នុងខែឧសភាខាងមុខ។
ថ្មីៗនេះ ម្ចាស់ផ្ទះកម្ពុជាបានប្រកាសបញ្ជីឈ្មោះស្ដីពីបណ្ដាក្រុមបាល់ទាត់ជម្រើសជាតិសម្រាប់វិញ្ញាសាបាល់ទាត់បុរស និងនារី នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2023 (ស៊ីហ្គេមលើកទី 32)។
ប្រកាសបានឱ្យដឹងថា ក្រុមបាល់ទាត់បុរស U-22 មាន 10 ក្រុម រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ហ្វ៊ីលីពីន ទីម័រខាងកើត។ ចំណែកក្រុមបាល់ទាត់នារីវិញ មាន 9 ក្រុម ដែលរួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ហ្វ៊ីលីពីន។ ដូច្នេះ ប្រុយណេពុំមានក្រុមបាល់ទាត់ដែលត្រូវចូលរួម ខណៈដែលទីម័រខាងកើតមានតែក្រុមបុរស។
បើធៀបនឹងស៊ីហ្គេមលើកទី 31 ដែលបានធ្វើឡើងនៅវៀតណាមកាលពីឆ្នាំ 2022 ចំនួនក្រុមបាល់ទាត់នារីជម្រើសជាតិដែលចូលរួមនៅស៊ីហ្គេមលើកនេះបានកើនពី 7 ក្រុម ឡើងដល់ 9 ក្រុម ព្រោះការវិលត្រលប់របស់ក្រុមឥណ្ឌូណេស៊ី និងវត្តមានរបស់ក្រុមម៉ាឡេស៊ី។
យោងតាមម្ចាស់ផ្ទះកម្ពុជា ពិធីចាប់លេខចែកពូលសម្រាប់វិញ្ញាសាបាល់ទាត់នឹងត្រូវធ្វើឡើងនៅថ្ងៃទី 05 មេសាខាងមុខ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ពិធីចាប់លេខចែកពូលនេះនឹងមានវត្តមានរបស់បណ្ដាទីប្រឹក្សាមកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហើយក្រុមនីមួយៗនឹងត្រូវបានដាក់ចូលទៅក្នុងក្រុមដោយយោងទៅលើចំណាត់ថ្នាក់ដែលសម្រេចបាននៅក្នុងស៊ីហ្គេមរដូវកាលមុន។
ស៊ីហ្គេមលើកទី 32 នឹងធ្វើឡើងចាប់ពីថ្ងៃទី 05 ដល់ 17 ឧសភា 2023 នៅកម្ពុជា ក្នុងនោះមានកីឡដ្ឋានក្នុងតំបន់ចំនួន 5 នឹងត្រូវបានប្រើប្រាស់ រួមមានកីឡដ្ឋាននៅ ភ្នំពេញ កំពត ព្រះវិហារ កែប និងសៀមរាប។ ក្នុងនោះ កីឡាបាល់ទាត់នឹងត្រូវប្រកួតមុនគេ ដោយចាប់ផ្ដើមពីថ្ងៃទី 29 មេសា៕