បន្ទាប់ពីរត់ឯកសារផ្លូវច្បាប់មិនទាន់ ក្នុងការចេញទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ កម្រិតពិភពលោកនៅប្រទេសថៃ កាលពីខែមេសា កន្លងទៅថ្មីៗនេះ អ្នកប្រដាល់អ៊ុំ ចំរើន នឹងបង្ហាញវត្តមានរបស់ខ្លួន នៅសង្វៀន ប្រដាល់ អាស៊ីអាគ្នេយ៍ (SEATV) ក្នុងជំនួប ប្រកួតសងសឹកជាមួយនឹងកីឡាករថៃ Super Chhai ដែលធ្លាប់ឈ្នះលើកីឡាករខ្មែរជាច្រើននាក់ នារសៀលថ្ងៃសុក្រនេះ ។
អ្នកគ្រប់គ្រងប្រកួតនៅសង្វៀន SEATV លោកញាណ សុធី បាននិយាយថា៖ «អ៊ុំ ចំរើន ជាអ្នកប្រដាល់ចិត្តធំ ហ៊ានវាយប្តូរជាមួយដៃគូប្រកួតដោយមិនញញើត ហើយបច្ចុប្បន្នកំពុងតែមានប្រៀបដោយវ៉ៃដៃគូប្រកួតឲ្យ សន្លប់ ញឹកញាប់ ហេតុនេះស្របពេលដែលដាក់ឲ្យជួប Super Chhai ដើម្បីសងសឹកគ្នា ដែលពិតជាល្អមើល»។
ចំរើន បាននិយាយថា៖ «ខ្ញុំសង្ឃឹមច្រើន ប៉ុន្តែរឿងឡើងសង្វ្រៀន ដឹងតែវាយហើយ ឯរឿងចាញ់ ឬឈ្នះ មិនអាចនិយាយមុនបានទេ»។ «Super Chhai លំបាកប្រកួតណាស់ពីព្រោះគេវាយដកថយចាំតែស្រង់តែពិន្ទុ។ បើគេហ៊ានវាយមិនដកថយ ខ្ញុំសង្ឃឹមឈ្នះ ៨០ ភាគរយ»។
Super Chhai ធ្លាប់ឈ្នះ និងធ្លាប់ស្មើជាមួយឡុង សុភី, រឿង សោភ័ណ្ឌ និងជើងខ្លាំងកម្ពុជាជាច្រើនទៀត ប៉ុន្តែសម្រាប់ការជួបជាមួយអ៊ុំ ចំរើន កន្លងមកនោះ រូបគេបានចាញ់ក្នុងលក្ខណៈប្រផិតប្រផើយ។
Super Chhai មានភាពរឹងមាំ ប៉ុន្តែ មិនសូវក្លាហានក្នុងការចូលវាយសម្រុកនោះទេ ប៉ុន្តែ ទោះជាយ៉ាងណាសម្រាប់កម្រិតវិជ្ជាគុន ពួកគេទាំងពីរមានប្រៀបឈ្នះលើគ្នាម្យ៉ាងម្នាក់ ពីព្រោះអ៊ុំ ចំរើន ជំនាញកណ្តាប់ដៃ និងទាត់ឆ្ងាយ និងហ៊ានវាយប្តូរ ចំណែក Super Chhai វិញ ជំនាញឱបឡើងជង្គង់ និងមានភាពអំណត់មិនចូលវាយដៃគូទេ ដោយភាគច្រើនចូលវាយស្រង់យកពិន្ទុ។
ទោះជាយ៉ាងណា អ្នកស្សនាប្រដាល់ភាគច្រើននៅភ្នំពេញ មានជំនឿថា កីឡាករ Super Chhai មានប្រៀបឈ្នះអ៊ុំ ចំរើន ច្រើន។ Super Chhai មានប្រវត្តិប្រកួតនៅស្រុកខ្មែរចំនួន ១៨ លើក ឈ្នះ ១១ លើក ស្មើ ២ លើក និងចាញ់ ៣ លើក៕