នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម Facebook កំពុងតែចាប់អារម្មណ៍ជាខ្លាំងចំពោះសៀវភៅ “មនោសញ្ចេតនា” ដែលជាស្នាដៃថ្មីរបស់កវីនិពន្ធទំនុកច្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល ព្រមទាំងរចនាម៉ូដរូបលើក្របសៀវភៅគឺ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចម្រៀងល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។
នៅលើ Fcaebook Page របស់ ឱក សុគន្ធកញ្ញា បានរៀបរាប់បំផុសគំនិតយុវវ័យខ្មែរឱ្យចាប់ផ្ដើមអាន និងស្រឡាញ់សៀវភៅយ៉ាងដូច្នោះថា «បើយើងក្លាយជាអ្នកដទៃ អ្វីៗនឹងល្អមែនទេ? មនោសញ្ចេតនា ជាសៀវភៅទីពីរដែលខ្ញុំទទួលបានពីអ្នកនិពន្ធដែលពោពេញដោយមនោសញ្ចេតនា សុខ ចាន់ផល អរគុណបងប្រុសដែលបានចងក្រងសៀវភៅនេះឡើង។ ចាប់ផ្តើមអានជាមួយនាងខ្ញុំ ឱក សុគន្ធកញ្ញា»។ យ៉ាងណាក្ដីពីប្រភពអ្នកនិពន្ធវេទមន្ដក៏បានលើកឡើងនូវសម្ដីរបស់ ឱក សុគន្ធកញ្ញា ថា «ការងាររបស់ខ្ញុំរាល់ថ្ងៃ គឺពឹងលើការអាន បើខ្ញុំមិនអាន គឺខ្ញុំមិនដឹងថា ពាក្យដែលខ្ញុំយកទៅនិយាយជាមួយនឹងទស្សនិកជន ឬកូនក្រុមរបស់ខ្ញុំ ត្រូវនិយាយថាម៉េចនោះទេ តែគឺខ្ញុំតែងតែសិក្សាយកពីសៀវភៅ ទើបខ្ញុំអាចយល់ដឹងពីការរស់នៅ ការប្រើប្រាស់ភាសា សិល្បៈនៃការនិយាយ តើថាយ៉ាងណាខ្លះ… »។
ឱក សុគន្ធកញ្ញា បានបន្ដលើកឡើងថា «ក្នុងមួយទំព័រៗគឺមានពាក្យពេចន៍ច្រើនណាស់ ដូច្នេះមនុស្សម្នាក់អានសៀវភៅចប់មួយក្បាល នឹងទទួលចំណេះដឹងរាប់ម៉ឺនរាប់សែនពាក្យ យកមកប្រើមិនអស់ផង។ សៀវភៅមួយក្បាលផ្ដល់ចំណេះដឹងឱ្យអ្នកអានច្រើនលើសលប់ លើសពីអ្វីដែលយើងគិតទុក។ ហើយក្នុងទស្សនៈខ្ញុំ អ្នកនិពន្ធគឺជាមនុស្សដែលរៀនបានច្រើនមែនទែន គឺច្រើនជាងអ្វីដែលយើងកំពុងតែអាននោះផង»។
គួរបញ្ជាក់ផងដែរថា ពិតជាគួរឱ្យកោតសរសើរណាស់ ដែលមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាដូចជា ឱក សុគន្ធកញ្ញា បានចូលរួមជំរុញការអាន ការស្រឡាញ់សៀវភៅ និងលើកទឹកចិត្តក្នុងការបន្ដវប្បធម៌នៃការអានសៀវភៅនៅកម្ពុជា បែបនេះ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចរកជាវនៅថ្ងៃនេះបាននៅតាមហាង នស២រ និង បណ្ណាល័យបញ្ញវន្ត ឬក៏តាមរយៈទូរស័ព្ទលេខ 093 482 578 និង 077 765 063៕