ក្រុមហ៊ុន Destinus ទទួលការឧបត្ថម្ភពីក្រសួងវិទ្យាសាស្ត្រអេស្ប៉ាញដើម្បីអភិវឌ្ឍយន្តហោះអ៊ីដ្រូសែនមួយប្រភេទដែលមានល្បឿនលឿនជាងសំឡេងប្រាំដង។
ក្រុមហ៊ុនរបស់ស្វ៊ីស Destinus បានប្រកាសថា ពួកគេកំពុងចូលរួមកម្មវិធីមួយដែលដឹកនាំដោយក្រសួងវិទ្យាសាស្ត្រអេស្ប៉ាញ ដើម្បីអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសំឡេងប្រាំដង (hypersonic aircraft) ដែលប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែន។ ក្រៅពី Destinus សាកលវិទ្យាល័យនានានៅអេស្ប៉ាញ ក៏ដូចជាបណ្ដាក្រុមហ៊ុន និងមជ្ឈមណ្ឌលបច្ចេកវិទ្យាក៏ចូលរួមអនុវត្តគម្រោងនេះ។
គម្រោងខាងលើទទួលបានប្រាក់ឧបត្ថម្ភដំបូងពីរដ្ឋាភិបាលអេស្ប៉ាញចំនួន 12 លានអឺរ៉ូ។ ខ្ទង់ប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មូលដ្ឋានធ្វើតេស្តម៉ាស៊ីនអ៊ីដ្រូសែននៅក្បែរទីក្រុងម៉ាឌ្រីដ។
ក្រុមហ៊ុនរបស់ស្វ៊ីស Destinus បានធ្វើតេស្តយន្តហោះច្រើនម៉ូដែលនៅក្នុងអំឡុងពីរឆ្នាំកន្លង។ យន្តហោះគំរូដំបូងគឺយន្តហោះមានល្បឿនជិតស្មើនឹងល្បឿនរបស់សំឡេង មានទំហំតូច បញ្ជាពីចម្ងាយ និងមានឈ្មោះថា Jungfrau ដែលធ្វើតេស្តកាលពីឆ្នាំ 2021។ យន្តហោះគំរូដើមទីពីរមានឈ្មោះថា Eiger មានទំហំធំជាងយន្តហោះគំរូទីមួយ និងបានហោះហើរសាកល្បងកាលពីឆ្នាំ 2022។
គោលដៅរបស់ Destinus គឺការផលិតយន្តហោះដែលមានល្បឿនលឿនជាងសំឡេងប្រាំដង (Mach 5) ឬលឿនជាងនេះ។ ល្បឿននេះគឺលឿនជាងឆ្ងាយបើធៀបនឹងយន្តហោះ Concorde ដែលមានល្បឿនលឿនជាងសំឡេងក្រោម ៥ ដង និងបានឈប់ដំណើរការកាលពីឆ្នាំ 2003។ យន្តហោះ Concorde ធ្លាប់ហោះហើរក្នុងល្បឿន Mach 2.04 ដែលលឿនជាងសំឡេងលើសពីពីរដង)។ ល្បឿនរបស់សំឡេងគឺប្រហែល 1,200 គីឡូម៉ែត្រ/ម៉ោង។
តាមផែនការ បច្ចេកវិទ្យារបស់ Destinus នឹងជួយឱ្យការហោះហើរពី Frankfurt (អាល្លឺម៉ង់) ទៅកាន់ Sydney (អូស្ត្រាលី) ចំណាយពេលតែបួនម៉ោងនិង 15 នាទី ជំនួសឱ្យ 20 ម៉ោងនាបច្ចុប្បន្ន។
ថាមពលអ៊ីដ្រូសែន បច្ចុប្បន្នគឺជាប្រធានបទសំខាន់របស់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនក្នុងពិភពលោក ដោយសារតែលក្ខណៈ «បៃតង» របស់វា ដោយបំភាយតែកម្ដៅ និងទឹកនៅក្នុងចំហេះរបស់អ៊ីដ្រូសែន៕