នៅថ្ងៃទី28 ខែតុលា ឆ្នាំ2017 នេះ បើតាមរយៈ Facebook Page របស់ Miss International Cambodia បានឱ្យដឹងថា បវរកញ្ញា ញាត សុភា គឺជាបេក្ខភាពតំណាងប្រទេសកម្ពុជា បានធ្វើដំណើរទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាអន្ដរជាតិ Miss International 2017 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។
ដោយឡែករូបភាពជាច្រើនសន្លឹកបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បវរកញ្ញាដែលមកពីបណ្ដាប្រទេសនានា ត្រូវចូលរួមស្លៀកឈុតទំនៀមទម្លាប់ប្រពៃណីបុរាណរបស់ប្រទេសជប៉ុន ក្នុងការលើកស្ទួយ និងជំរុញនូវវិស័យទេសចរណ៍នៅក្នុងប្រទេសជប៉ុន ផងដែរ។ យ៉ាងណាមិញ កញ្ញា ញាត សុភា ក៏បានបញ្ជាក់បន្ថែមអំពីការប្រកួតនេះថា « រីករាយនឹងមិត្តភាពថ្មីៗក្នុងកាតព្វកិច្ចក្នុងនាមបេក្ខភាពកម្ពុជាក្នុងកម្មវិធីប្រកួត Miss International 2017 ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នៅកម្ពុជា។ សូមប្រិយមិត្តទាំងអស់មេត្តាចូលរួមគាំទ្រនាងខ្ញុំដែលជា Miss International Cambodia 2017 ផង»។
គួរបញ្ជាក់ផងដែរថា កញ្ញា ញាត សុភា មានអាយុ 19ឆ្នាំ កម្ពស់170 សង់ទីម៉ែត្រ ជានិស្សិតឆ្នាំទី1 នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ ហើយគួររំឭកផងថា បវរកញ្ញារូបនេះធ្លាប់បានឆ្លងកាត់ការប្រកួត Miss Grand Cambodia 2017 និងទទួលបានជយលាភីលេខ 2 និងបានក្លាយជាបេក្ខភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញាអន្តរជាតិ Miss International 2017 នៅប្រទេសជប៉ុន៕