ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Manchester United ខណៈដែលរូបគេបានបង្ហើបពីគម្រោងក្នុងការវិលពីបញ្ហារបួសជង្គង់ដ៏ធ្ងន់ធ្ងរវិញដើម្បី «បញ្ចប់អ្វីដែលខ្ញុំបានចាប់ផ្តើម»។
អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតវ័យ36ឆ្នាំរូបនេះ បានអវត្តមានពីការប្រកួតចាប់តាំងពីដាច់សរសៃជង្គង់ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ជាមួយនឹងក្រុម Anderlecht កាលពីខែមេសាមកម្ល៉េះ។ Ibrahimovic ដែលបានចុះហត្ថលេខាថ្មីរយៈពេល1ឆ្នាំជាមួយនឹងក្រុម Man United កាលពីរដូវក្តៅ និងត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញនៅមុនពេលចុងឆ្នាំនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំបាននិយាយថា ខ្ញុំនឹងវិលត្រឡប់មកវិញដើម្បីបញ្ចប់អ្វីដែលខ្ញុំបានចាប់ផ្តើម»។
ខ្សែប្រយុទ្ធជើងចាស់រូបនេះបានប្រាប់បន្តថា៖ «រាល់អ្វីៗទាំងអស់ដែលខ្ញុំកសាងកាលពីរដូវកាលទី1 ពីព្រោះយើងពិតជាបានឈ្នះពានបី ការបញ្ចប់សម្រាប់ខ្ញុំគឺមិនមែនបញ្ចប់តាមដែលខ្ញុំចង់បានឡើយ ឬក៏គ្មាននរណាចង់បានឡើយ ជាពិសេស បន្ទាប់ពីរដូវកាលនោះបានបញ្ចប់»។ Ibrahimovic បានបន្ថែមទៀតថា៖ «គោលដៅគឺការឈ្នះពាន Premier League។ នោះគឺជាគោលដៅក្នុងការបញ្ចប់។ ហេតុនេះ រាល់អ្វីៗទាំងអស់ ដែលខ្ញុំបានចាប់ផ្តើមពីរដូវកាលទី1 យើងនឹងបញ្ចប់វាក្នុងរដូវកាលទី2»។
បញ្ហារបួស បានធ្វើឲ្យអនាគតរបស់ Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពីបានលេងបានត្រឹមតែ1ឆ្នាំ ប៉ុន្តែ រូបគេមិនបានបោះបង់ឡើយ។ Ibrahimovic បានបង្កើតការភ្ញាក់ផ្អើលដ៏គួរឲ្យកត់សម្គាល់ជាមួយនឹង Man United កាលពីរដូវកាលមុន ដោយបានស៊ុតបាល់បញ្ចូលទី28គ្រាប់ក្នុងការបង្ហាញខ្លួន46លើក ខណៈដែលក្លិបរបស់គេបានឈ្នះពាន Community Shield, League Cup និង Europa League៕
ប្រភពពី៖ The Guardian