អាចនិយាយបានថា ក្នុងថ្ងៃខួបកំណើត យើងគ្រប់គ្នាប្រហែលជាចង់បានវត្ថុអំណោយ ឬកាដូថ្ងៃកំណើតពីមនុស្សជាច្រើនជាពិសេសពីគូសង្សារមិនខាន ប៉ុន្តែវត្ថុទាំងអស់ខាងក្រោមនេះ មិនគួរទិញធ្វើជាកាដូឱ្យគូសង្សារជាដាច់ខាត តើមានអ្វីខ្លះ និងព្រោះអ្វីខ្លះនោះសូមសាកល្បងអានបន្ត…។
1 . ទឹកអប់…បើមិនជឿ កុំប្រមាថឱ្យសោះ ព្រោះមានមនុស្សច្រើនហើយដែលគេជឿ ហើយគេថែមទាំងលួចខ្សឹបប្រាប់ទៀតថា ចូរហាមសង្សារកុំឱ្យទិញទឹកអប់ឱ្យយើងជាដាច់ខាត ព្រោះសេចក្តីស្នេហារបស់អ្នកអាចនឹងសាបរលាបអស់ក្លិនទៅតាមពេលវេលាដូចទឹកអប់អ៊ីចឹង។
2 . ស្បែកជើង…ចំណុចនេះហាមដាច់ខាតតែម្តង ព្រោះមានបទពិសោធពិតមកអះអាង ដូច្នេះអ្នកណាមានសង្សារ ចូរប្រញាប់យកទៅឱ្យសង្សារអានភ្លាមទៅ។ គេនិយាយថា បើសង្សារទិញស្បែកជើងឱ្យ នឹងធ្វើឱ្យលែងលះគ្នា ព្រោះស្បែកជើងវាត្រូវនៅជាមួយគ្នាជាគូៗ អ្នកណាដែលជាសង្សារនឹងគ្នាតែមិនទាន់បានរស់នៅជាមួយគ្នាជាគូ អាចនឹងធ្វើឱ្យបែកគ្នាបាន។ រឿងនេះសុំប្រាប់ថា ធ្លាប់កើតឡើងជាមួយមនុស្សច្រើននាក់ហើយ ដែលសង្សារទិញស្បែកជើងឱ្យពេលសេពគប់គ្នាបាន 5 – 6 ខែ បន្ទាប់ពីនោះ 2 អាទិត្យ ក៏ស្រាប់តែសង្សារមកសុំលែងតែម្តង។
3 . ខោអាវឈុតខ្មៅ…ចំណុចនេះគួរឱ្យខ្លាចខ្លាំងណាស់ គេហាមឱ្យខោអាវពណ៌ខ្មៅទៅគ្នាធ្វើជាកាដូជាដាច់ខាត ព្រោះចាស់បុរាណគាត់ប្រកាន់ណាស់ មិនថាតែ អាវ ខោ សំពត់ កន្សែងនោះឡើយ។ ចាស់ៗតែងប្រដៅជាប់ជានិច្ចថា បើយើងឱ្យសម្លៀកបំពាក់ឈុតខ្មៅទៅនរណាម្នាក់ យើងនឹងច្បាស់ជាបានទៅបុណ្យសពមនុស្សម្នាក់នោះមិនខាន…ពុទ្ធោ…។
4 . នាឡិកា…ចំណុចនេះអាចជាប្រផ្នូលអាក្រក់ច្រើនជាង ព្រោះមនុស្សជាច្រើននាំគ្នាជឿជាក់មែនទែនថា បើសង្សារទិញនាឡិកាឱ្យ នឹងធ្វើឱ្យរយៈពេលនៃការសេពគប់គ្នាត្រូវបញ្ឈប់នៅពេលនាឡិកាលែងដើរ មិនថាតែដោយសារមូលហេតុអ្វីក៏ដោយ…អូព្រះជាម្ចាស់!។
5 . រូបថត…វត្ថុមួយទៀតដែលហាមឱ្យគ្នាដាច់ខាតគឺ រូបថតដែលថតតែម្នាក់ឯងរបស់ខ្លួនឯង ព្រោះវានឹងប្រៀបដូចជាការឱ្យរូបថតទុកមើលជាអនុស្សាវរីយ៍ពេលនឹកនឹករលឹកគ្នាពេលបែកបាក់គ្នាអ៊ីចឹង។ រឿងបែបនេះមនុស្សជាច្រើនធ្លាប់ជួបរួចមកហើយ បើអ្នកណាមិនចង់ឱ្យរឿងរ៉ាវដដែលៗបែបនេះកើតឡើងទៀតនោះ ចូរចៀសវាងដាច់ខាត…អីយ៉ា!។
6 . កន្សែងជូតមុខ…មានន័យចំៗល្អណាស់ ព្រោះភាគច្រើនអ្នកទទួលកាដូបែបនេះនឹងទុកសម្រាប់ជូតទឹកភ្នែក…ដូច្នេះ អ្នកណាដែលមិនចង់ស្រក់ទឹកភ្នែកព្រោះតែការបែកបាក់ស្នេហានោះ ត្រូវចៀសវាងឱ្យកាដូជាកន្សែងជូតមុខទៅគូសង្សារ។
7 . វត្ថុមុតៗ ស្រួច…ចំណុចនេះថាជារឿងជំនឿក៏ដូចជាមិនមែន ព្រោះវាមានសិទ្ធិកើតឡើងយ៉ាងពិតប្រាកដ តែជឿៗទៅក៏វាមិនខូចខាតអ្ីដែរ ព្រោះវត្ថុមានមុខមុតៗ ស្រួចៗ អាវុធ ដាវ កាំបិត កុំយកមកធ្វើជាកាដូអី ព្រោះនឹងធ្វើឱ្យអ្នកទទួលមានគ្រោះថ្នាក់ មានគ្រោះភ័យ សំណាងអាក្រក់…។
8 . ក្រាសសិតសក់…សង្សារៗ មិត្តៗទាំងឡាយសូមស្តាប់ខាងនេះ! ព្រោះបើយើងឱ្យក្រាសសិតសក់ទៅសង្សារ ឬមិត្តភ័ក្តិណាម្នាក់ នឹងធ្វើឱ្យសម្ព័ន្ធភាពរបស់យើង និងគេត្រូវឃ្លាតឆ្ងាយពីគ្នាដូចធ្មេញរបស់ក្រាសសិតសក់ហ្នឹងឯង។
9 . ម្ជុលខ្ទាស់…សម្បកក្រៅអាចនឹងមើលទៅឃើញស្អាត តែខាងក្នុងបង្កប់ទៅដោយអត្តន័យដ៏គួរឱ្យឈឺចាប់ ព្រោះគេនាំគ្នាជឿថា បើឱ្យម្ជុលខ្ទាស់ទៅនរណាម្នាក់ វានឹងក្លាយជាការចោកដោតដួងចិត្ត សាងភាពឈឺចាប់ ទាស់ទែងដល់អ្នកដែលបានទទួលនោះ។
10 . វត្ថុធ្វើពីកែវផ្សេង…ព្រោះតាមជំនឿគេថា បើគ្រឿងកែវនោះបែក នោះគឺមានន័យពីសម្ព័ន្ធភាពរបស់អ្នកទាំងពីរ ច្បាស់ជាបែកបាក់តាមវត្ថុនោះមិនខាន…៕
*** ទាំងអស់នេះគ្រាន់តែជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ សូមប្រើការគិតពិចារណាក្នុងការអាន***
រៀបរៀងដោយ ទិទីតំតាតូ