សង្គ្រាមតម្លៃរថយន្តអគ្គិសនីបានរីករាលដាលដល់ប្រទេសថៃ ក្នុងនោះបណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ចិន ជប៉ុន និងកូរ៉េខាងត្បូង បញ្ចុះតម្លៃខ្លាំងសម្រាប់បណ្ដាម៉ូដែលថ្មីដែលពួកគេបង្ហាញនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិប្រចាំឆ្នាំរបស់ប្រទេសថៃដែលបានសម្ពោធបើកកាលពីថ្ងៃទី 22 មីនា 2023។
នៅក្នុងពិព័រណ៍ខាងលើ BYD បានបង្ហាញរថយន្តអគ្គិសនីប្រភេទ hatchback ថ្មីតម្លៃ 23,457 ដុល្លារអាម៉េរិក ស្មើនឹងពាក់កណ្ដាលនៃតម្លៃមធ្យមនៅទូទាំងពិភពលោក របស់រថយន្តអគ្គិសនីមួយគ្រឿង។ BYD ក៏បានប្រកាសចាប់ផ្ដើមទទួលការបញ្ជាទិញសម្រាប់រថយន្ត BYD Dolphin នៅប្រទេសថៃ។
គូប្រជែងនានានឹងត្រូវធ្វើសង្គ្រាមតម្លៃ ក៏ដូចជារយៈពេលនៃការប្រគល់ទំនិញ ដើម្បីប្រកួតជាមួយនឹង BYD។ កាលពីខែកុម្ភៈ BYD បានប្រគល់ SUV Atto 3 គ្រឿងទី 10,000 នៅប្រទេសថៃ។
Tesla ចាប់ផ្ដើមប្រគល់ទំនិញនៅប្រទេសថៃក្នុងពេលដំណាលគ្នានោះ ហើយក៏បានបង្កើតឱ្យមានការចាប់ផ្ដើមនៃសង្គ្រាមបញ្ចុះតម្លៃនៅតាមបណ្ដាទីផ្សារ ដែលនេះបាននាំមកនូវជោគជ័យច្រើនដល់ក្រុមហ៊ុនអាម៉េរិកមួយនេះ។ ភ្លាមនោះ BYD ក៏បញ្ចុះតម្លៃជាមធ្យម 1,299 ដុល្លារ។ Nissan និង Toyota របស់ជប៉ុន តាមពីក្រោយដោយការបញ្ចុះតម្លៃរថយន្តអគ្គិសនីនៅប្រទេសចិន។
ពិព័រណ៍រថយន្តអន្តរជាតិបាងកក 2023 (2023 Bangkok International Motor Show) បានចាប់ផ្ដើមជាផ្លូវការតាំងពីថ្ងៃទី 22 មីនា និងអូសបន្លាយរហូតដល់ថ្ងៃទី 02 មេសា 2023។ នេះគឺជាព្រឹត្តិការណ៍ពិព័រណ៍រថយន្តធំ និងគួរទុកចិត្តបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពិព័រណ៍នេះមានអាយុកាល 44 ឆ្នាំមកហើយ៕