ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាយុកាល 140 ឆ្នាំរបស់ជប៉ុន Toshiba ជិតបញ្ចប់ដំណាក់កាលលំបាកនៅពេលព្រមទទួលយកសំណើសុំទិញក្នុងតម្លៃពីរទ្រីលាន (2,000,000,000,000) យេន។
យោងតាមប្រកាសកាលពីថ្ងៃទី 23 មីនា ក្រុមប្រឹក្សាភិបាល Toshiba ឱ្យដឹងថា បានអនុម័តសំណើទិញរបស់ក្រុមហ៊ុនមួយក្រុមដែលដឹកនាំដោយ Japan Industrial Partners (JIP)។ Toshiba ឱ្យដឹងថា ក្រុមហ៊ុនជប៉ុន 17 ស្ថាប័ន និងធនាគារក្នុងស្រុក 6 ស្ថាប័ន នឹងចូលរួមអនុវត្តដំណើរការទិញដូរមួយនេះ។
តម្លៃពីរទ្រីលានយេន (15.3 ពាន់លានដុល្លារអាម៉េរិក) នេះ គឺស្មើនឹង 4,620 យេន/ហ៊ុន (ភាគហ៊ុនរបស់ Toshiba)។ តួលេខនេះក៏ខ្ពស់ជាង 9.7% ធៀបនឹងតម្លៃភាគហ៊ុន Toshiba កាលពីថ្ងៃទី 23 មីនា 2023។
ករណីទិញដូរក្រុមហ៊ុននេះអាចជាការបញ្ចប់ដំណាក់កាលលំបាកច្រើនឆ្នាំរបស់ Toshiba។ ច្រើនឆ្នាំមកនេះ ក្រុមប្រឹក្សាភិបាលរបស់ Toshiba រួមនឹងរាជរដ្ឋាភិបាលជប៉ុន និងភាគហ៊ុនិកធំៗនៅបរទេស ខ្វែងគំនិតគ្នាទាក់ទងនឹងអនាគតរបស់ក្រុមហ៊ុននេះ។ ក្រុមអ្នកវិនិយោគចង់បង្កើនប្រសិទ្ធភាពនៃការរកប្រាក់ចំណូល ខណៈដែលរាជរដ្ឋាភិបាលជប៉ុនបែរជាផ្ដល់អាទិភាពដល់ការរក្សាបណ្ដាញពាណិជ្ជកម្ម និងបច្ចេកវិទ្យាសំខាន់ៗ មិនឱ្យធ្លាក់ទៅក្នុងដៃបរទេស។
យោងតាម Bloomberg បើសិនការទិញដូរនេះបានជោគជ័យ វានឹងក្លាយជាមួយក្នុងចំណោមការទិញដូរក្រុមហ៊ុនធំបំផុតនៅអាស៊ីក្នុងឆ្នាំនេះ។ វាក៏នឹងក្លាយជាមួយក្នុងចំណោមការទិញដូរភាគហ៊ុនក្រុមហ៊ុនឯកជនធំបំផុតនៅប្រទេសជប៉ុន គិតមកដល់បច្ចុប្បន្ន។
កាលពីដើមឆ្នាំមុន ភាគហ៊ុនិកនានាមិនបានយល់ព្រមតាមសំណើ «បំបែក» Toshiba របស់ក្រុមប្រឹក្សាភិបាល ដែលជាវិធីសាស្ត្រជំនួសឱ្យការ «លក់ខ្លួន» ទៅឱ្យមូលនិធិឯកជន ដែលក្រុមអ្នកវិនិយោគចង់បាន។ បរាជ័យរបស់ផែនការនេះបានជំរុញឱ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស្វែងរកជម្រើសដទៃទៀតដើម្បីចាត់ចែងអនាគតរបស់ Toshiba ក្នុងនោះក៏មានការលក់ខ្លួនផងដែរ។ JIP ត្រូវបានជ្រើសរើសជាអ្នកទិញអាទិភាពកាលពីខែតុលា 2022៕