ការណ៍ដែល Disney ប្រកាសបង្ហាញតារាសម្ដែងស្បែកខ្មៅ Halle Bailey តើជាតួអង្គព្រះនាង Ariel ក្នុងភាពយន្តរឿង ព្រះនាងទេពមច្ឆា កំណែ live-action (ភាពយន្តសម្ដែងដោយមនុស្ស) ទទួលបានប្រតិកម្មមិនល្អពីអ្នកលេងបណ្ដាញសង្គមនៅលើពិភពលោក។
នៅលើវេទិកានានា ទស្សនិកជនយល់ថា ផលិតកម្មភាពយន្តមិនគោរពគោលការណ៍ និងបានបំផ្លាញនិមិត្តរូបរបស់ព្រះនាង Ariel នៅក្នុងខ្សែភាពយន្តជីវចលឆ្នាំ 1989។ Hashtag #notmyariel (មិនមែនជា Ariel របស់ខ្ញុំ) បានក្លាយជាពាក្យពេញនិយមនៅលើបណ្ដាញសង្គមនានា។
Trailer របស់ភាពយន្តនេះត្រូវបានគេចុច dislike (មិនចូលចិត្ត) ចំនួន 1.5 លានលើក អមនឹងការបញ្ចេញមតិមិនល្អជាច្រើនសំដៅលើពណ៌សម្បុរស្បែករបស់តួអង្គ ធ្វើឱ្យ YouTube ត្រូវបង្ខំចិត្តលាក់ dislike និងបិទមុខងារបញ្ចេញមតិ។
យោងទៅលើប្រការអ្វីខ្លះបានជាមានទស្សនិកជនយ៉ាងច្រើនប្រតិកម្មមិនល្អទៅនឹងភាពយន្តដែលមិនទាន់ចាក់បញ្ចាំងមួយនេះ?
«ព្រះនាងទេពមច្ឆាគឺជារឿងព្រេងដែលនិពន្ធដោយជនជាតិដាណឺម៉ាក ដូច្នេះព្រះនាង Ariel ត្រូវតែជាមនុស្សមានសម្បុរស្បែកពណ៌ស» នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលត្រូវបានអ្នករិះគន់លើកយកមកអះអាង។ អ្នកខ្លះក៏និយាយថា វាជារឿងដែលក្បត់នឹងយុវវ័យរបស់មនុស្សមួយចំនួនដែលបានទស្សនាភាពយន្តជីវចលនេះកាលពីអំឡុងក្រោយឆ្នាំ 1989។ ជាងនេះ អ្នកខ្លះក៏ថា អ្នករស់នៅក្នុងតំបន់ទឹកជ្រៅនឹងមិនមានសម្បុរស្បែកខ្មៅ។
ទោះជាយ៉ាងណាក៏ដោយ មានមតិមួយចំនួនយល់ថា នេះគ្រាន់តែជាភាពយន្ត និងជាការប្រឌិតឡើងប៉ុណ្ណោះ មិនគួរមានការរិះគន់ទៅលើពណ៌សម្បុរស្បែកនោះឡើយ៕