រ៉ុក្កែត Terran 1 របស់ក្រុមហ៊ុនអាម៉េរិក Relativity Space ហោះឡើងពីមូលដ្ឋានទ័ពអវកាស Cape Canaveral រដ្ឋ Florida កាលពីម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា (ម៉ោងនៅកម្ពុជា)។
បេសកកម្មដំបូងរបស់ Terran 1 មានឈ្មោះថា «Good Luck, Have Fun» (GLHF)។ រ៉ុក្កែតនេះ ដំបូងឡើយដំណើរការល្អ។ កំណាត់ ឬជាន់ទីមួយ និងទីពីរបានផ្ដាច់ចេញដោយជោគជ័យ។ ក៏ប៉ុន្តែ បន្ទាប់ពីហោះឡើងបានប្រហែល 3 នាទី បញ្ហាក៏បានកើតឡើង ធ្វើឱ្យជាន់លើគេបង្អស់មិនអាចហោះដល់គន្លងគោចរដូចការគ្រោងទុក។
Relativity Space ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2016 ក្នុងបំណងនាំយកទំនិញឡើងទៅកាន់គោលដៅនៅទីអវកាសដោយប្រើប្រាស់រ៉ុក្កែត Terran 1។ រ៉ុក្កែតនេះមានកម្ពស់ 33 ម៉ែត្រ អាចដឹកទំនិញបាន 1,250 គីឡូក្រាមឡើងទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី (LEO)។ ក្រុមហ៊ុននេះកំពុងផ្ដល់សេវាកម្មក្នុងតម្លៃ 12 លានដុល្លារអាម៉េរិកសម្រាប់ការបាញ់បង្ហោះ Terran 1 មួយជើង។
រ៉ុក្កែត Terran 1 របស់ក្រុមហ៊ុនអាម៉េរិក Relativity Space ហោះឡើងពីមូលដ្ឋានទ័ពអវកាស Cape Canaveral រដ្ឋ Florida កាលពីម៉ោង 07 និង 25 នាទី ថ្ងៃទី 23 មីនា
ក៏ប៉ុន្តែ ក្នុងបេសកកម្ម GLHF រ៉ុក្កែត Terran 1 មិនមានផ្ទុកទំនិញនោះទេ ដោយវាគ្រាន់តែដឹកចិញ្ចៀនមួយវង់ដែលគេបោះពុម្ព 3D។ រ៉ុក្កែតនេះមានម៉ាស៊ីន Aeon-1 ចំនួន 9 គ្រឿងនៅជាន់ក្រោមបង្អស់៕