ស្ថាប័នគ្រប់គ្រងបណ្ដាពានរង្វាន់បាល់ទាត់អាជីពបារាំង LFP (Ligue de Football Professionnel) សម្រេចចិត្តជ្រើសរើសទឹកដីថៃធ្វើជាកន្លែងសម្រាប់បើកការប្រកួតរដូវកាល 2023-2024 របស់ពានរង្វាន់ជើងឯកបាល់ទាត់បារាំង (Trophée des Champions)។
ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកបាល់ទាត់បារាំង 2023 គ្រោងនឹងធ្វើឡើងនៅថ្ងៃទី 05 សីហា 2023 រវាងក្រុមម្ចាស់ជើងឯក Ligue 1 និងម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់បារាំងរដូវកាល 2022-2023។ បច្ចុប្បន្ន ក្លឹប PSG កំពុងនាំមុខពូល Ligue 1 ដោយរកបាន 66 ពិន្ទុ ក្រោយពីបានចូលរួម 28 ប្រកួត ច្រើនជាងក្រុមលេខពីរ Mareille 7 ពិន្ទុ។ បើទោះជានៅសល់ដប់ជុំទៀត ប៉ុន្តែ PSG ត្រូវបានគេមើលឃើញថា ទំនងនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Trophée des champions 2023។
ពេលនោះ ទស្សនិកជននៅប្រទេសថៃ ក៏ដូចជានៅអាស៊ីអាគ្នេយ៍មានឱកាសបានទស្សនាការប្រកួតដែលមានវត្តមានរបស់កំពូលតារាបាល់ទាត់ល្បីៗ មានជាអាទិ៍ Kylian Mbappe, Neymar រួមទាំង Messi ផងដែរ បើសិន M10 ពន្យារសុពលភាពនៃកិច្ចព្រមព្រៀងជាមួយក្លឹប PGS ដែលនឹងត្រូវបញ្ចប់នៅរដូវក្ដៅនេះ។
ពានរង្វាន់ជើងឯកបាល់ទាត់បារាំង 2023 នឹងស្វែងរកម្ចាស់ជើងឯកនៅថ្ងៃទី 29 មេសា 2023។ ពានរង្វាន់នេះបានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមានការប្រកួតពីរគូគឺ Nantes – Lyon និង Annecy – Toulouse។
PSG បានក្លាយជាជើងឯក Trophée des Champions 2022 ពេលបានផ្ដួល Nantes ដោយលទ្ធផល 4-0
យោងតាមទំព័រ L’Équipe ដើមឡើយស្ថាប័ន LFP ចង់នាំយកការប្រកួតដណ្ដើមពានរង្វាន់ជើងឯកបាល់ទាត់បារាំង 2023 ទៅធ្វើនៅ Miami សហរដ្ឋអាម៉េរិក ប៉ុន្តែក្រោយមកក៏សម្រេចចិត្តជ្រើសរើសទឹកដីមួយនៅអាស៊ី។ បន្ទាប់មក LFP ក៏បន្តគិតដល់ប្រទេសជប៉ុនជាគោលដៅសម្រាប់ការប្រកួតនេះ ប៉ុន្តែចុងក្រោយក៏សម្រេចចិត្តប្រគល់ឱកាសនេះទៅឱ្យប្រទេសថៃ។
ពានរង្វាន់ជើងឯកបាល់ទាត់បារាំង (Trophée des Champions) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1949 និងធ្លាប់បានធ្វើឡើង 48 លើក។ PSG ដណ្ដើមបានពានរង្វាន់នេះចំនួន 11 លើក ដែលច្រើនជាងគេបង្អស់ ក្នុងនោះពួកគេបានក្លាយជាជើងឯក 8 ឆ្នាំបន្តបន្ទាប់ ចាប់ពី 2013 ដល់ 2020។ ក្លឹបបាល់ទាត់ប៉ារីសត្រូវ Lille ដណ្ដើមបានតំណែងនេះនៅឆ្នាំ 2021 ក្នុងលទ្ធផល 0-1 តែក៏យកមកវិញបាននៅឆ្នាំ 2022 ពេលបានផ្ដួល Nantes 4-0។
ឆ្នាំ 2009 ពានរង្វាន់ជើងឯកបាល់ទាត់បារាំង ត្រូវបានធ្វើឡើងនៅបរទេសជាលើកដំបូង ដោយបានរៀបចំការប្រកួតនៅប្រទេសកាណាដា ជាទឹកដីដែលក្លឹប Bordeaux បានក្លាយជាជើងឯក នៅពេលឈ្នះ Guingamp 2-0។ ក្រោយមក Trophée des Champions ក៏ត្រូវបានធ្វើឡើងនៅទុយនេស៊ី ម៉ារ៉ុក សហរដ្ឋអាម៉េរិក ហ្កាបុង ចិន អូទ្រីស និងអ៊ីស្រាអែល៕