(ព័រទុយហ្កាល់) – Cristiano Ronaldo នឹងក្ដោបក្ដាប់តំណែងកីឡាករដែលប្រកួតលក្ខណៈអន្តរជាតិបានច្រើនជាងគេបំផុត បើសិនទាត់ឱ្យព័រទុយហ្កាល់ក្នុងប្រកួតដំបូងនៅវគ្គជម្រុះ Euro 2024 នាថ្ងៃនេះ។
Ronaldo លេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់បាន 196 ប្រកួត។ ខ្សែប្រយុទ្ធវ័យ 38 ឆ្នាំរូបនេះ និងកីឡាករជម្រើសជាតិកូវ៉ែត Badr Al-Mutawa គឺជាកីឡាករដែលបានប្រកួតលក្ខណៈអន្តរជាតិច្រើនជាងគេបំផុត។ បើសិនជាបានចូលរួមលេងក្នុងការប្រកួតរវាងព័រទុយហ្កាល់ និង លិចតិនស្តាញ (Liechtenstein) នៅថ្ងៃទី 23 មីនានេះ Ronaldo នឹងបំបែកកំណត់ត្រាស្ដីពី «កីឡាករប្រកួតលក្ខណៈអន្តរជាតិបានច្រើនជាងគេបំផុត»។
ការប៉ះនឹងលិចតិនស្តាញក៏ជាការប្រកួតដំបូងរបស់ព័រទុយហ្កាល់នៅវគ្គជម្រុះ Euro 2024។ បីថ្ងៃក្រោយមកទៀត ក្នុងជើងទីពីរ ព័រទុយហ្កាល់នឹងធ្វើជាភ្ញៀវនៅលើវាលស្មៅរបស់គូប្រកួតលំដាប់ «ល្អិត» មួយផ្សេងទៀត គឺ លុចសំបួ។
Ronaldo បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកាលពីអាយុ 18 ឆ្នាំ នៅពេលចូលទាត់ជំនួស Luis Figo ក្នុងការប្រកួតមិត្តភាពជាមួយក្រុមរបស់កាហ្សាក់ស្ថាន។ ក្នុងការប្រកួតលើកទី 8 ដែលប៉ះនឹងក្រិក Ronaldo ស៊ុតបញ្ចូលទីជាលើកដំបូងសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។
កាលពីខែកញ្ញា 2022 បន្ទាប់ពីស៊ុតបញ្ចូលទីរបស់អៀរឡង់បានពីរគ្រាប់ Ronaldo ក៏បានយកឈ្នះលើ Ali Daei ដើម្បីក្លាយជាកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេបំផុតលើឆាកអន្តរជាតិ។ CR7 កំពុងកាន់កាប់ 118 គ្រាប់សម្រាប់ក្រុមជម្រើសជាតិ ច្រើនជាងឆ្ងាយធៀបនឹង 109 គ្រាប់របស់ Ali Daei អតីតខ្សែប្រយុទ្ធរបស់អ៊ីរ៉ាក់។
Al-Mutawa បង្កើតបានកំណត់ត្រា 196 ប្រកួតលក្ខណៈអន្តរជាតិនៅក្នុងការប្រកួតដែលកូវ៉ែតចាញ់ហ្ស៊កដានី 0-3 នៅវគ្គជម្រុះ Asian Cup 2023 កាលពីខែមិថុនា 2022។ ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះ រកបាន 56 គ្រាប់ជូនក្រុមជម្រើសជាតិកូវ៉ែត។
ត្រលប់មកកាន់រឿង Ronaldo វិញ គ្រូបង្វឹក Roberto Martinez របស់ព័រទុយហ្កាល់ នៅតែចាត់ទុក Ronaldo ថាជាផ្នែកមួយនៃគម្រោងឆ្ពោះទៅកាន់ Euro 2024 និង World Cup 2026។ ប្រការនេះមានន័យថា CR7 មានឱកាសបំបែកកំណត់ត្រាខាងលើ។ កាលពីថ្ងៃទី 20 មីនា 2023 Ronaldo ក៏បានត្រលប់ទៅកាន់ក្រុមជម្រើសជាតិព័រទុយហ្កាល់ហើយដែរ៕