កប៉ាល់សេវាកម្មដំបូងរបស់ប្រទេសចិនដែលដំណើរការដោយថ្មផ្ទុកថាមពលអ៊ីដ្រសែន-លីចូម 500 kW កាលពីថ្ងៃទី 20 មីនា ត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុង Zhongshan ខេត្ត Guangdong។
ជលយានដែលត្រូវបានហៅថា កប៉ាល់ Three Gorges hydrogen ship No.1 នេះ ប្រើប្រាស់ប្រព័ន្ធថ្មផ្ទុកឥន្ធនៈអ៊ីដ្រូសែន និងថ្មផ្ទុកអគ្គិសនីលីចូមផលិតក្នុងស្រុក។ វាគឺជាជំហានថ្មី និងសំខាន់មួយទៀតសម្រាប់វិស័យសាងសង់កប៉ាល់ដើរដោយថាមពលថ្មីរបស់ប្រទេសចិន ជាការបើកផ្លូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីដ្រូសែនសម្រាប់កប៉ាល់ក្នុងស្រុក។
ដោយមានកម្លាំង 500 kW កប៉ាល់នេះអាចធ្វើដំណើរបាន 200 គីឡូម៉ែត្រ និងល្បឿន 28 គីឡូម៉ែត្រ/ម៉ោង។ កប៉ាល់នេះសមស្របសម្រាប់ការរក្សាភាពស្អាតនៃបរិស្ថាន ដោយវាប្រើប្រាស់ថាមពលតិច និងមិនសូវមានសំឡេងរំខានដូចកប៉ាល់ដំណើរការដោយប្រេងម៉ាស៊ូត និងប្រេងសាំង។
កប៉ាល់ Three Gorges hydrogen ship No.1 នឹងត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូន ល្បាត និងបំពេញភារកិច្ចបន្ទាន់នៅក្នុងតំបន់បឹងស្តុកទឹក Three Gorges (Sanxia)។
ក្រុមហ៊ុនសាងសង់កប៉ាល់រដ្ឋចិន (CSSC) និងក្រុមហ៊ុនអគ្គិសនីចិន Yangtze Power គឺជាអ្នកសាងសង់កប៉ាល់នេះ នៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Chana Three Gorges (CTG) និងបានចាប់ផ្ដើមការសាងសង់កាលពីខែឧសភា 2022។
ប្រទេសចិនកំពុងមានវឌ្ឍនភាពយ៉ាងខ្លាំងក្លា និងឆាប់រហ័ស ទាក់ទងនឹងការសាងសង់កប៉ាល់ដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែន។ ទីផ្សារថ្មផ្ទុកថាមពលអ៊ីដ្រូសែនក្នុងស្រុកត្រូវបានព្យាករថាអាចសម្រេចបានជាង 10 ពាន់លានយុន ប្រហែលនឹង 1.45 ពាន់លានដុល្លារអាម៉េរិក។ នេះក៏ព្រោះតែប្រទេសចិនមានគោលនយោបាយជំរុញ លើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់កប៉ាល់ដើរដោយថាមពលកកើតឡើងវិញ ក្នុងបំណងកាត់បន្ថយការបំភាយកាបូនដែលជាឧស្ម័នធ្វើឱ្យផែនដីឡើងកម្ដៅ៕