ក្រុមហ៊ុន Ford បានបង្ហើបឱ្យដឹងអំពី Ford Explorer ដែលដំណើរដោយអគ្គិសនីទាំងស្រុង ហើយវាគឺជាម៉ូដែលរថយន្តអគ្គិសនីទីបីរបស់ក្រុមហ៊ុននេះ។
រថយន្តដែលត្រូវបានផលិតនៅប្រទេសអាល្លឺម៉ង់នេះត្រូវបានអធិប្បាយថាជារថយន្តដែលមានការរួមផ្សំរវាង «បច្ចេកទេសអាល្លឺម៉ង់ និងស្ទីលអាម៉េរិក»។
Ford ប្រកាសថា Explorer បញ្ចូលថាមពលថ្មក្នុងល្បឿនពី 10 ដល់ 80% ក្នុងរយៈពេល 25 នាទី នៅពេលប្រើឆ្នាំងសាករហ័ស DC។ រថយន្តនេះនឹងអាចប្រើប្រាស់ស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន 500,000 កន្លែងនៅអឺរ៉ុប ចាប់ពីឆ្នាំក្រោយ។
ចំណែកចម្ងាយផ្លូវដែល Explorer អាចបរបាន នឹងត្រូវបានប្រកាសនាពេលខាងមុខ ហើយអតិថិជនអាចបញ្ជាទិញជាមុនចាប់ពីចុងឆ្នាំនេះ (សម្រាប់តំបន់អឺរ៉ុប)។ Ford Explorer មានពីរកំណែគឺ Explorer និង Explorer Premium។ តាមការគ្រោងទុក វានឹងមានតម្លៃក្រោម 73,000 ដុល្លារអាម៉េរិក។
ក្រុមហ៊ុន Ford កន្លងមកបានសន្យាថា នឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅតំបន់អឺរ៉ុប ចាប់ពីឆ្នាំ 2030 ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅទូទាំងសកលលោក៕