Runway បានបង្ហាញឧបករណ៍ AI មួយដែលមានសមត្ថភាពកែប្រែសំណេរអត្ថបទឱ្យទៅជាវីដេអូ ដោយស៊ីពេលយ៉ាងខ្លីស្ទើរតែមិនគួរឱ្យជឿ។
កាលពីថ្ងៃទី 20 មីនា Runway ដែលជាក្រុមហ៊ុន AI (បញ្ញាសិប្បនិម្មិត) មួយនៅសហរដ្ឋអាម៉េរិក បានបង្ហាញឧបករណ៍ Gen-2 អនុញ្ញាតឱ្យបង្កើតវីដេអូពីរូបថតធម្មតា ឬពីអត្ថបទជាសំណេរ។ ឧទាហរណ៍ នៅពេលអ្នកបញ្ចូលឃ្លា «ឆ្មាមួយក្បាលដើរក្រោមភ្លៀង» AI នឹងបង្កើតវីដេអូមួយមានរយៈពេលបីវិនាទីទាក់ទងនឹងអត្ថន័យក្នុងសំណេរនេះ។
Runway ចាប់កំណើតតាំងពីឆ្នាំ 2018 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីឈ្មោះមួយស្ដីពីបញ្ញាសិប្បនិម្មិត មិនចាញ់ OpenAI ប៉ុន្មានឡើយ និងមានបុគ្គលិកធ្វើការជាង 40 នាក់។ ក្រុមហ៊ុននេះកំពុងផ្ដល់សេវាកម្មវ៉ែបសៃ ដែលជួយឱ្យអ្នកប្រើប្រាស់កែលំអវីដេអូរហ័ស ដូចជាការបន្ថែមបាតុភូត និងលុបរូបភាពខាងក្រោយជាដើម។
កាលពីឆ្នាំ 2019 Runway បានបង្ហាញកម្មវិធីកែវីដេអូដែលមានឈ្មោះថា Gen-1។ ឧបករណ៍នេះផ្ដោតទៅលើការកែប្រែវីដេអូ ការបញ្ចូលទិដ្ឋភាព 3D ជាដើមដោយប្រើប្រាស់ AI។ Gen-2 នៅតែយោងទៅលើ Gen-1 ប៉ុន្តែផ្ដោតសំខាន់ទៅលើការបង្កើតវីដេអូពីអត្ថបទសំណេរ រូបថត ឬសំណេរបូករូបថត។ ក៏ប៉ុន្តែភាពច្បាស់របស់វីដេអូដែលត្រូវបានបង្កើតឡើងដោយ AI ទាំងនេះមិនទាន់ល្អនៅឡើយ ហើយវាក៏មិនទាន់មានសំឡេងផងដែរ។
អនាគត ឧបករណ៍នេះនឹងត្រូវបានកែសម្រួលដើម្បីជួយដល់ស្ថាបត្យករ វិចិត្រករ និងផលិតករភាពយន្តប្រែក្លាយគំនិតឱ្យទៅជាវីដេអូបានលឿន និងការចំណាយទាប។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមានការព្រួយបារម្ភអំពីផលវិបាកដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតនេះ ក្នុងនោះមានមតិជាច្រើនយល់ថា Gen-2 អាចត្រូវបានក្រុមមនុស្សទុច្ចរិតប្រើប្រាស់ដូចទៅនឹង Deepfake ដោយពួកគេអាចបង្កើតវីដេអូក្លែងក្លាយដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបំណងឆបោក។ល។
បច្ចុប្បន្ន Gen-2 មានការកំណត់សិទ្ធិចូលប្រើប្រាស់ ដោយតម្រូវឱ្យចុះឈ្មោះ និងរង់ចាំ។ យោងតាមក្រុមហ៊ុន Runway សិទ្ធិចូលប្រើប្រាស់នឹងត្រូវបានពង្រីកបន្ថែមនាប៉ុន្មានសប្ដាហ៍ខាងមុខ៕