នាទីរសៀលថ្ងៃទី 21 មីនា 2023 ក្រសួងទេសចរណ៍បានប្រកាសសារាចរណែនាំមួយដែលតម្រូវឱ្យគ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ រៀបចំដាក់បង្ហាញតម្លៃលើបញ្ជីរាយនាមសេវាកម្ម ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរក្នុងការសម្រេចចិត្ត។
សារាចរណែនាំរបស់ក្រសួងទេសចរណ៍ មានចំណុចត្រូវអនុវត្តមួយចំនួន ដូចខាងក្រោម៖
1). គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ជាមួយតម្លៃ (ដូចមានបញ្ជាក់ក្នុងប្រកាសលេខ ០៥២ ប្រក.ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចបង្កើតប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍) ក្រោមទម្រង់ដូចតទៅ៖
– ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេស នៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។
– ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម។
– ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ ។
– ត្រូវមានបញ្ជាក់ពីសេវាកម្មដែលភ្ជាប់ជាមួយ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ។
– ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន។
– ត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេសម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍។
2). ចំពោះសេវាកម្មម្ហូបអាហារ តូបលក់ម្ហូបអាហារ តូបលក់អាហារចល័ត ដែលប្រកបអាជីវកម្មជាលក្ខណៈតូចតាច ឬការគ្រប់គ្រងលក្ខណៈគ្រួសារ ក៏ត្រូវអនុវត្តតាមការណែនាំដូចបានបញ្ជាក់ជូនខាងលើ ឬយ៉ាងហោចត្រូវមានដាក់តាំងបង្ហាញជារូបភាព ឬទម្រង់ងាយស្រួលផ្សេងៗ អំពីម្ហូបអាហារ ដែលមានជូនភ្ញៀវពិសាដោយមានបញ្ជាក់តម្លៃជាក់លាក់។
3). ការដាក់ឈ្មោះសេវាកម្ម និងឈ្មោះមុខម្ហូបនីមួយៗ ត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ ប្រពៃណី និងទនៀមទម្លាប់ខ្មែរ។
4). ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលពុំអនុវត្តតាមការណែនាំ គឺជាកម្មវត្ថុនៃការដកហូតអាជ្ញាបណ្ណ ទេសចរណ៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។