ពិធីការិនី Lauren Sanchez ចំណាយប្រាក់ពីរលានដុល្លារសម្រាប់ការផលិតភាពយន្តដំបូងរបស់ខ្លួន និងអញ្ជើញកូនស្រីរបស់មិត្តប្រុស (មហាសេដ្ឋី Jeff Bezos) មកចូលរួមសម្ដែង។
យោងតាម Insider កាលពីថ្ងៃទី 20 មីនា Sanchez ទើបតែបានចាប់ផ្ដើមផលិតភាពយន្តរឿង The Golden Door តាមរយៈផលិតកម្ម Adventure & Fellowship របស់អ្នកស្រី។ MC រូបនេះចំណាយប្រាក់ផ្ទាល់ខ្លួនប្រហែលពីរលានដុល្លារ អញ្ជើញ Daniella Kertesz និង Megalyn Echikunwoke មកសម្ដែងជាតួអង្គសំខាន់។ កូនស្រីរបស់ Jeff Bezos ធ្វើជាសិស្សហាត់ការ និងសម្ដែងជាតួអង្គមួយក្នុងភាពយន្តនេះ។ គម្រោងនេះត្រូវ ថតប្រហែល 20 ថ្ងៃនៅ Topanga រដ្ឋ California។
Lauren Sanchez កើតឆ្នាំ 1969 នៅសហរដ្ឋអាម៉េរិក។ អ្នកស្រីគឺជាតារាសម្ដែង ពិធីការិនី និងជាម្ចាស់ផលិតកម្មភាពយន្ត។ អ្នកស្រីបានឆ្លងកាត់អាពាហ៍ពិពាហ៍ពីរលើក និងមានកូនបីនាក់។ មុនពេលបានរួមរស់ជាមួយលោក Bezos អ្នកស្រី Lauren ធ្លាប់ជាភរិយារបស់ Patrick Whitesell ដែលជាអ្នកមានមួយរូបក្នុងវិស័យសិល្បៈកំសាន្ត។
លោក Bezos និងអ្នកស្រី Lauren បានទាក់ទងគ្នាចាប់ពីឆ្នាំ 2018 និងត្រូវបានគេជឿថា បានភ្ជាប់ពាក្យកាលពីខែធ្នូ 2019។ អ្នកស្រី Lauren ធ្លាប់ត្រូវបានគេចាត់ទុកថាជា «មនុស្សទីបី» ដែលបានបណ្ដាលឱ្យលោក Bezos និងអ្នកស្រី MacKenzie Scott ត្រូវលែងលះគ្នា។