«ថ្ងៃនេះមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ជាមួយនឹងភ្លើងគប់ស៊ីហ្គេមនឹងត្រូវបានបញ្ឆេះដោយពន្លឺព្រះអាទិត្យដែលរះនៅមុខប្រាសាទអង្គរវត្ត ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសុំភ្លើង “ព្រះអាទិទេពកីឡា” ដើម្បីដុតភ្លើងគប់នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី 32 និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023» ទំព័របណ្ដាញសង្គមរបស់ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី 21 នេះ បានឱ្យដឹងដូច្នេះ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើនេះព្រព្រឹត្តទៅនៅថ្ងៃទី 21 មីនា 2023។ កាលពីម្សិលមិញ ក្រសួងក៏បានចេញសេចក្តីជូនដំណឹងស្តីពី «បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOX ដែលកើតឡើងចន្លោះថ្ងៃទី 20 ឬ21 ឬ 22 ឬ 23 ខែមីនា ឆ្នាំ 2023។ នេះគឺទស្សនីយភាពពិសេសមួយសម្រាប់ទេសចរគ្រប់រូប។
យោងតាមក្រសួងទេសចរណ៍ «បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX)» កើតឡើងជារៀងរាល់ឆ្នាំចំនួនពីរលើក គឺនៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅឆ្នាំ 2023 បាតុភូតនេះអាចកើតឡើងចាប់ពីម៉ោង 05 កន្លះព្រឹក ដល់ម៉ោង 07 ព្រឹក។ ក្រសួងក៏បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះផងដែរ៕