លោក Mauricio Pochettino ជឿជាក់ថា ក្រុម Tottenham Hotspur កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការស្ថិតក្រោមពាក្យចរចាមអារ៉ាមនៃការលក់ចេញកីឡាករឆ្នើមៗ ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិរូបនេះបានបញ្ជាក់ថា គ្មានអ្វីរារាំងក្រុមរបស់លោកក្នុងការរក្សាការប្រជែងដណ្តើមពាន Premier League ឡើយ។
ខ្សែការពារស្លាបស្តាំ Kyle Walker គឺជាសមាជិកចុងក្រោយគេនៃក្រុមប្រជុំដោយកីឡាករឆ្នើមរបស់ Spurs ដែលត្រូវបានគេទាក់ទងឲ្យផ្ទេរចេញកីឡដ្ឋាន White Hart Lane ក្រោយពីមានការលេចឮថា មានជម្លោះជាមួយនឹងអ្នកការចាត់ការទូទៅលោក Pochettino។ ក្រុមមាន់ខ្នាយមាស Spurs អាចនឹងកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Chelsea មកនៅត្រឹម១ពិន្ទុ ប្រសិនបើពួកគេដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម West Ham United នៅរាត្រីនេះ ហើយលោក Pochettino បានបញ្ជាក់ថា ទាំង Walker និងមិត្តរួមរបស់គេ នឹងមិនខ្វះនូវការផ្តោតអារម្មណ៍ដោយសារតែពាក្យចរចាមអារ៉ាមទៅលើការចាកចេញពីក្លិបនេះឡើយ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញនៅឯទីលានហ្វឹកហាត់ Enfield របស់ Spurs នៅភាគខាងជើងទីក្រុងឡុងដ៍ លោក Pochettino បានប្រាប់អ្នកយកព័ត៌មានថា៖ «រាល់កីឡាករទាំង២១នាក់កំពុងតែផ្តោតអារម្មណ៍ទៅលើការជួយឲ្យសម្រេចបាននូវសមិទ្ធផលដែលយើងចង់ធ្វើឲ្យសម្រេច។ ខ្ញុំពិតជាស្ថិតក្នុងអារម្មណ៍ស្ងប់។ កីឡាករក៏មានអារម្មណ៍ស្ងប់ផងដែរ។ ពួកគេដឹងពីអ្វីដែលកើតឡើងនៅក្នុងខ្លួនរបស់ពួកគេ»។ លោក Pochettino បានបន្ថែមទៀត៖ «វាពិតជាសំខាន់ណាស់ដែលអ្នកគាំទ្រដឹដងថា កីឡាករមានអារម្មណ៍ស្ងប់ ហើយយើងនឹងរង់ចាំមើលនៅចុងរដូវកាលនេះថា ពាក្យចរចាមអារ៉ាមនេះ ពិត ឬក៏អត់»។ Spurs នឹងសម្លឹងរកការដណ្តើមបានជ័យជម្នះជាលើកទី១០ជាប់ៗក្នា នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដីក្រុម West Ham ដើម្បីដាក់សម្ពាធលើក្រុម Chelsea នៅមុនពេលការប្រកួតក្នុងផ្ទះរបស់ក្រុមតោខៀវជាមួយនឹងក្រុម Middlesbrough នៅថ្ងៃចន្ទ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
ប្រភពពី៖ The Sun