មហាសេដ្ឋីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ លោក Rupert Murdoch អាយុ 92 ឆ្នាំ មានគម្រោងរៀបការជាលើកទីប្រាំ ជាមួយនឹងស្ត្រីវ័យ 66 ឆ្នាំនៅរដូវក្ដៅនេះ។
«ខ្ញុំព្រួយបារម្ភណាស់។ ខ្ញុំខ្លាចរឿងស្នេហា ប៉ុន្តែខ្ញុំដឹងថា នេះនឹងជាស្នេហ៍លើចុងក្រោយរបស់ខ្ញុំ។ ល្អបំផុតគឺយ៉ាងនេះ។ ខ្ញុំសប្បាយចិត្ត» លោក Murdoch វ័យ 92 ឆ្នាំ និយាយពី Ann Lesley Smith ស្ត្រីដែលលោកទើបតែបានភ្ជាប់ពាក្យជាមួយ កាលពីថ្ងៃទី 20 មីនា។
អ្នកទាំងពីមានគម្រោងរៀបការនៅរដូវក្ដៅ ហើយនោះនឹងជាអាពាហ៍ពិពាហ៍លើកទីប្រាំរបស់មហាសេដ្ឋីក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុប។ បណ្ដាញផ្សព្វផ្សាយរបស់លោក Murdoch មានដូចជា Sky News Australia, Fox News, Wall Street Journal, New York Post និង Sun ជាដើម។
មហាសេដ្ឋីអាម៉េរិកដើមកំណើតអូស្ត្រាលីរូបនេះ មានកូនបីនាក់នៅក្នុងអាពាហ៍ពិពាហ៍បីលើកដំបូង។ ភរិយាទីបួនរបស់លោក គឺកំពូលតារាម៉ូដែល Jerry Hall ដែលបានលែងលះកាលពីឆ្នាំមុន។
ចំណែកស្ត្រីដែលនឹងក្លាយជាភរិយាទីប្រាំរបស់លោក Murdoch បានឱ្យដឹងថា អ្នកស្រីធ្លាប់ជាអ្នកបង្ហាញម៉ូដ អ្នកចម្រៀង តន្ត្រីការិនី ពិធីការិនីរបស់វិទ្យុ San Francisco Bay Area និងជាអ្នកយកព័ត៌មានផងដែរ។ អ្នកស្រីបានឆ្លងកាត់អាពាហ៍ពិពាហ៍ពីរលើកមកហើយ។ ស្វាមីទីពីររបស់អ្នកស្រីដែលជាអតីតអ្នកចម្រៀង និងធ្លាប់ជានាយកប្រតិបត្តិរបស់វិទ្យុ និងទូរទស្សន៍ បានទទួលមរណភាពកាលពីឆ្នាំ 2008។
យោងតាមទំព័រ Forbes មហាសេដ្ឋី Rupert Murdoch មានទ្រព្យសម្បត្តិ 17.2 ពាន់លានដុល្លារអាម៉េរិក។ លោកគឺជាអ្នកមានជាងគេលំដាប់ទី 95 លើពិភពលោក៕