កាលពីថ្ងៃទី 16 មីនា Matrix Motors បានបង្ហាញកូនឡានដឹកទំនិញខ្នាតតូចប្រើអគ្គិសនី Matrix 01 ស៊េរី 2023។ Matrix ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2012 គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយមានទីស្នាក់ការនៅប្រទេសចិន និងគាំទ្រដោយក្រុមហ៊ុន Alibaba។
Matrix 01 ត្រូវបានរចនាឡើងសម្រាប់ការដឹកជញ្ជូនទំនិញក្នុងក្រុង។ Matrix 01 កំណែឆ្នាំ 2023 មានបណ្ដោយ 3,490 មម, ទទឹង 1,465 មម, កម្ពស់ 1,685 មម។ រថយន្តនេះមានកៅអីមួយជួរ និងទ្រុងដាក់ទំនិញមានចំណុះ 2,300 លីត្រ។
ថាមពលរបស់ Matrix 01 គឺ 15kW ដោយមានថ្មផ្ទុកអគ្គិសនីកម្លាំង 10.36 kWh និងបើកបរបាន 120 គីឡូម៉ែត្រ។ កំណែដំបូងរបស់រថយន្តនេះមានជម្រើស «ធ្វើដំណើរបាន 220 គីឡូម៉ែត្រ» ដោយប្រើប្រាស់ថ្ម 20.72 kWh ប៉ុន្តែ ម៉ូដែលឆ្នាំ 2023 មិនមានផ្ដល់ជម្រើសមួយនេះ។
ថ្មរបស់ Matrix 01 អាចបញ្ចូលថាមពលអគ្គិសនីមួយពេញដោយចំណាយពេលបួនម៉ោង ប៉ុន្តែកំណែទាបជាងនេះ ត្រូវការពេលរហូតដល់ 8 ម៉ោង។ តម្លៃរបស់កូនឡានដឹកទំនិញខ្នាតតូចប្រើអគ្គិសនី Matrix 01 ស៊េរី 2023 គឺចាប់ពី 4,200 ដុល្លារអាម៉េរិក៕