ដោយសម្លឹងឃើញភាពពេញនិយមនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជាតាមរយៈរថយន្ដតាក់ស៊ីកាន់តែមានការកើនឡើង ពិសេសអ្នកមានក្ដីប្រាថ្នាចង់បានរថយន្ដតាក់ស៊ីផ្ទាល់ខ្លួន តែគ្មានថិវកាគ្រប់គ្រាន់ក្នុងការទិញនោះ ពេលនេះក្រុមហ៊ុន Global Mobility Service Inc. របស់ប្រទេសជប៉ុនកំពុងនឹងធ្វើឱ្យបំណងប្រាថា្នរបស់លោកអ្នកបានសម្រេចហើយ។
លោក តូកូស្ហ៊ិ ណាកាស៊ីម៉ា នាយកប្រតិបត្តិ ក្រុមហ៊ុនជប៉ុន Global Mobility Service, Incបានលើកឡើងថា ដោយកំណើនអ្នកប្រាស់រថយន្ដឈ្នួល (តាក់ស៊ី)នៅក្នុងកម្ពុជាកាន់តែមានការកើនឡើងទើបធ្វើឱ្យយើងសម្លឹងឃើញឱកាសនៃការវិនិយោគធុរកិច្ចនេះ។ តាមរយៈបច្ចេកវិទ្យាទំនើបដោយប្រព័ន្ធ GMS ដែលមានសក្តានុពលក្នុងការអភិវឌ្ឍអាជីវកម្មប្រភេទសេវាកម្មថ្មីរបស់ជប៉ុន និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានឱ្យបានល្អ។
នាយកប្រតិបត្តិ ក្រុមហ៊ុនជប៉ុន Global Mobility Service, Inc បញ្ជាក់ថា៖ «តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន យើងនឹងចូលរួមចំណែកជួយដល់អ្នកបើកបរនៅក្នុងប្រទេសកម្ពុជាឱ្យក្លាយជាម្ចាស់យានយន្តពិតប្រាកដ និងសាងប្រាក់ចំណូលកាន់តែខ្ពស់ តាមរយៈប្រព័ន្ធ GMS ដែលនឹងនាំមកជូនប្រជាជនកម្ពុជានូវប្រព័ន្ធ និងសេវាកម្មដូចគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា» ។
ខណៈ Mobility Service Inc បានបង្ហាញវត្ដមាននៅកម្ពុជា ក្រុមហ៊ុនមួយនេះបានសហការជាមួយធនាគារឯកទេស AEON ក្នុងការផ្ដល់ប្រាក់កម្ចីជូនអ្នកបើកបរដែលប្រាថ្នាចង់បានយានយន្តតាក់ស៊ីផ្ទាល់ខ្លួនដើម្បីជួយដល់ការសម្រេចគោលបំណងក្នុងការបង្កើនប្រាក់ចំណូលគ្រួសារបន្ថែម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Global Mobility Service Inc. បានបង្កើតឧបករណ៍ IoT ដែលហៅថា ប្រព័ន្ធចល័ត ឬ “MCCS” ដែលអាចបិទដំណើរការយានយន្តតាមរយៈការបញ្ជាពីចម្ងាយ ក្នុងករណីខកខានការបង់សងប្រាក់កម្ចីទាន់ពេលវេលា។ ប្រព័ន្ធនេះអាចបង្កើតប្រតិបត្តិការប្រាក់កម្ចីស្វ័យប្រវត្តិ ជាពិសេសអ្នកបើកបរដែលមិនមានឥណទានគ្រប់គ្រាន់ ឬគណនីក្នុងធនាគារ៕