(ប្រទេសចិន) – ក្រោយពីការចាប់ផ្ដើមដំណើរការបានជាងមួយឆ្នាំ ស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ Comai Trigu នៅទីបេ ដែលដំឡើងនៅលើរយៈកម្ពស់ពី 5,000 ទៅ 5,200 ម៉ែត្រធៀបនឹងផ្ទៃទឹកសមុទ្រ សម្រេចបានជាង 100 គីឡូវ៉ាត់ម៉ោង (kWh) កាលពីសប្ដាហ៍កន្លង។
ដោយសារត្រូវបានដំឡើងនៅលើតំបន់ដែលមានកម្ពស់ពី 5,000 ទៅ 5,200 ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ Comai Trigu គឺជាស្ថានីយផលិតអគ្គិសនីពីកម្លាំងខ្យល់ខ្ពស់ជាងគេលើពិភពលោក។
ចំការអគ្គិសនី Comai Trigu ដែលស្ថិតនៅក្នុងតំបន់ស្វយ័តទីបេនេះ ចាប់ផ្ដើមផលិតអគ្គិសនីតាំងពីខែធ្នូ 2022 ហើយមកដល់ពេលនេះវាផលិតអគ្គិសនីបានលើសពី 100 លាន kWh លឿនជាងពីរខែធៀបនឹងការរំពឹងទុកកន្លងមក។ ប្រការនេះស្មើនឹងការសន្សំសំចៃធ្យូងថ្មបាន 30,500 តោន និងកាត់បន្ថយការបំភាយឧស្ម័នកាបូនបាន 83,200 តោន។
ចំការអគ្គិសនី Comai Trigu ត្រូវបានដំឡើងនៅលើរយៈកម្ពស់ពី 5,000 ទៅ 5,200 ម៉ែត្រធៀបនឹងផ្ទៃទឹកសមុទ្រ
ចំការអគ្គិសនី Comai Trigu គ្រប់គ្រងដោយក្រុមហ៊ុនចិន China Three Gorges Corporation។ វាគឺជាគម្រោងផលិតអគ្គិសនីពីកម្លាំងខ្យល់ដំបូងដែលត្រូវបានភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីកណ្ដាលរបស់ទីបេ ដែលមានកម្លាំងទៅតាមការដំឡើងស្មើនឹង 22 MW (22.000 kW)។
ទិន្នន័យបានបង្ហាញថា អគ្គិសនីផលិតពីកម្លាំងខ្យល់ និងពីថាមពលព្រះអាទិត្យនៅទូទាំងប្រទេសចិននាបច្ចុប្បន្នមានកម្លាំងផលិតសរុបច្រើនជាង 700 លាន kW ក្នុងនោះមាន 120 លាន kW ទើបតែត្រូវបានបន្ថែមកាលពីឆ្នាំមុន៕