– មិនមានទេ…ដំណើរផ្លូវទៅរកភាពជោគជ័យដែលរោយដោយស្រទាប់ផ្កាកុលាប…
– តើមានអ្វីខ្លះដែលបានមកយ៉ាងងាយៗ ហើយរីកចម្រើនលូតលាស់ល្អដោយមិនចាំបាច់បញ្ចេញកម្លាំង?
ចម្លើយគឺ មាន! តែរឿងនោះប្រហែលជានៅជាមួយយើងមិនបានយូរឡើយ។
នៅលើដំណើរផ្លូវដែលរោយដោយស្រទាប់ផ្កាកុលាប វាក៏គ្រាន់តែជាដំណើរផ្លូវរបស់មនុស្សទន់ជ្រាយដែលមិនព្រមខំប្រឹងពុះពារតតាំងនឹងឧបសគ្គ។ ជាដំណើរផ្លូវមួយដែលមើលទៅល្អសប្បាយជាច្រើនបែប មិនចាំបាច់ចាប់ផ្ដើមអ្វីច្រើនឡើយ គ្រាន់តែអង្គុយឱនមុខខំប្រឹងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ហើយគិតតែស្វែងរកភាពជោគជ័យដែលមិនដឹងជានៅទីណា…។
មានក្តីស្រមៃជាច្រើននៅក្នុងខួរក្បាល តែមិនដែលចាប់ផ្ដើមធ្វើ ព្រោះខ្លាចបរាជ័យ ខ្លាចភ្លាត់ភ្លាំង វាក៏មិនខុសអ្វីពីការអង្គុយធម្មតាៗដើម្បីរង់ចាំឱកាសដែលមិនដឹងថា នឹងមកដល់នៅពេលណា…។
ទោះជាឱកាសចូលមកដល់ តែបទពិសោធដ៏តិចតួចរបស់យើងច្បាស់ជានឹងធ្វើឱ្យដំណើរផ្លូវនៃក្ដីស្រមៃក្លាយជាអ្វីមួយដែលលំបាកលំបិនរហូតដល់ចង់តែដកទ័ពថយ…។
គ្រាន់តែដោយសារស្រទាប់ផ្កាកុលាបដែលរោយចុះមកក្នុងអំឡុងពេលដំបូងៗ និងតមកចាប់ផ្ដើមមានចម្រូងបន្លាមកចាក់ដោតជើងច្រើនឡើងៗជាបណ្ដើរៗនោះ មានតែមនុស្សមិនប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅតែហ៊ានដើរតទៅមុខរហូតដល់ជួបនឹងភាពជោគជ័យដ៏ច្រើន។ មនុស្សប្រភេទហ្នឹងមានមិនច្រើនប៉ុន្មានទេនៅលើពិភពលោក ព្រោះពួកគេមានភាពជឿជាក់លើខ្លួនឯង និងប្រាកដក្នុងចិត្តថា ក្ដីឈឺចាប់ និងការខិតខំរើបម្រះក្នុងថ្ងៃនេះនឹងក្លាយជាអ្នកនាំភាពជោគជ័យមកឱ្យពួកគេបាននាពេលអនាគត។
គ្រប់ភាពជោគជ័យដែលមានតម្លៃ គ្រប់ក្ដីស្រមៃដែលយើងគូសវាសទុក ទម្រាំតែឈានទៅស្រវាចាប់វាមកគ្រប់គ្រងបាន ត្រូវឆ្លងកាត់ក្តីបរាជ័យ ក្តីអស់សង្ឃឹម ក្ដីរួញរា និងក្ដីភិតភ័យ រហូតដល់ក្ដីភ័យខ្លាចពីអ្វីដែលមើលមិនឃើញទៀតផង។ អ្នកដែលហ៊ានឈានរំលង និងចាប់ផ្ដើមកែបញ្ហាចំពោះមុខដោយក្ដីជឿជាក់ថា ខ្លួនឯងអាចធ្វើបានដោយមិនរួញរានឹងអ្វីដែលហៅថា ឧសគ្គនោះ នៅទីបំផុតពួកគេនឹងក្លាយជាមនុស្សដែលទទួលជោគជ័យក្នុងជីវិត។ ជាភាពជោគជ័យដែលស្ថិតស្ថេរ និងសែនមានមោទនភាព វានឹងនៅគង់វង្ស និងរីកធំធាត់ជាមួយយើងរហូតតទៅយ៉ាងមានគុណតម្លៃ។
អ្នកដែលកំពុងដើរទៅមុខតាមក្ដីស្រមៃរបស់ខ្លួន ចូរចាំទុកជាប់ជានិច្ចថា ភាពជោគជ័យដែលរោយដោយស្រទាប់ផ្កាកុលាបរហូតពេញមួយដំណើរផ្លូវនោះ គឺគ្រាន់តែជារូបភាពបន្លំភ្នែកដែលគ្មានរូបរាងពិតប្រាកដឡើយ។ ការនឹងឈានទៅមុខយ៉ាងមុតមាំលើដំណើរផ្លូវនៃភាពជោគជ័យបាន ត្រូវតែឆ្លងកាត់ឧបសគ្គដ៏ច្រើនដែលវាជាអ្នកសាកល្បងចិត្តរបស់យើងថា តើយើងមានតម្លៃគ្រប់គ្រាន់ជាមួយនឹងក្ដីស្រមៃដ៏ធំធេងនោះដែរឬទេ?។
បទពិសោធដែលកន្លងផុតទៅក្នុងក្ដីលំបាកលំបិននីមួយៗដែលបានជួបក្នុងដំណើរផ្លូវ គឺជាអ្នកជួយសាងភាពរឹងមាំឱ្យយើងនាពេលអនាគត។ រឹតតែច្រើនប៉ុនណា រឹតតែជួយធ្វើឱ្យបេះដូងយើងរឹងមាំ និងត្រៀមខ្លួនជាស្រេចក្នុងការប្រឈមជាមួយនឹងបញ្ហាផ្សេងៗទៀតដែលនឹងចូលមកនាពេលអនាគតបានយ៉ាងមិនភ័យខ្លាច។
ចូរជឿជាក់លើសមត្ថភាពរបស់ខ្លួន ឈានរំលងបញ្ហា និងចេញដើរនៅលើដំណើរផ្លូវដែលពេញទៅដោយចម្រូងបន្លាយ៉ាងគ្មានភ័យខ្លាច…ភាពជោគជ័យនឹងរង់ចាំអ្នកនៅខាងមុខ៕
រៀបរៀងដោយ តាវ៉ែនតា