Skip to content

អគ្គិសនី​កម្ពុជា​សហការ​ជាមួយ JICA ជប៉ុន​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង​មិន​ប្រក្រតី

ភ្នំពេញ៖ ដើម្បី​ចៀសវាង​ការចោទប្រកាន់ ការប្រើប្រាស់​ភ្លើង​អស់​ច្រើន​គីឡូវ៉ាត់ អាជ្ញាធរ​អគ្គិសនី​បាន​សហការ​ជាមួយ​អ្នកជំនាញការ JICA ជប៉ុន ដើម្បី​រក​ភាពត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា គីឡូវ៉ាត់​អគ្គិសនី​ថ្លៃ ឬ​កើនឡើង​ច្រើន​ខុស​ប្រក្រតី​នៅ​ទូទាំងប្រទេស។

មន្ត្រី​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​និយាយថា អគ្គិសនី​ដែល​ផ្គត់ផ្គង់​លក់​ឱ្យ​អ្នកប្រើប្រាស់នីមួយៗ តម្រូវឱ្យ​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​វាស់​ភ្លើងអគ្គិសនី​របស់​អ្នកប្រើប្រាស់​នោះ ដើម្បីឱ្យ​នាឡិកា​ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គីឡូវ៉ាត់ម៉ោង​មុននឹង​ផ្គត់ផ្គង់​ទៅឱ្យ​អ្នកប្រើប្រាស់ សម្រាប់​គម្រប់1ខែ ទើប​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បាន​ផ្គត់ផ្គង់​នោះ​ទៅធ្វើ​វិក្កយបត្រ​គិត​ប្រាក់​ថ្លៃ​អគ្គិសនី។ ដូច្នេះ​ទាំង​ចំនួន​ទឹកប្រាក់ និង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ស្ថិតនៅលើ​ថា តើ​ការវាស់វែង និង​កត់ត្រា​របស់​នាឡិ​កា​វាស់​នោះ​ត្រឹមត្រូវ​ដែរឬទេ?។

ជាមួយគ្នានេះដែរ មន្ត្រី​អគ្គីសនី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​ថា ឱ្យតែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់ខ្លួន​នៅ​ដដែល គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ​ត្រូវតែ​នៅ​ដដែល​ដែរ ពីព្រោះថា ទោះជា​ឧបករណ៍ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ តែ​ចំនួន​គីឡូ និង​ចំនួន​ថ្លៃ​អគ្គិសនី​វា​ប្រែប្រួល​ទៅតាម​ចំនួន​ម៉ោង និង​ចំនួន​នាទី​ដែល​ឧបករណ៍នីមួយៗបើក​ប្រើ «បើក​ប្រើ1ម៉ោង និង​បើក​ប្រើ3ម៉ោង ចំនួន​គីឡូ​ប្រើ​ខុសគ្នា 3ដង)  ដូច្នេះ​ចង់ឱ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍នីមួយៗឱ្យ​តិច​ម៉ោង និង​តិច​នាទី​ជាង​មុន»។

ក្រុមការងារ​ចម្រុះ​រវាង​អាជ្ញាធរ​អគ្គិសនី​ជាមួយ JICA ជប៉ុន នឹង​រួមគ្នា​ធ្វើដំណើរ​ចុះ​តាម​បណ្តា​ខេត្ត-ក្រុង ទាំង 25 ទូទាំងប្រទេស តាម​កម្មវិធី​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយ​ការសង្ស័យ​លើ​គីឡូ​អគ្គិសនី ឬ​លើ​ថ្លៃ​អគ្គិសនី​អស់​ច្រើន​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ប្រសិនបើ​សង្ស័យថា​គីឡូ ឬ​ចំនួន​ថ្លៃ​អគ្គិសនី​ឡើង​មិន​ប្រក្រតី អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណា​ក៏​អាចបំពេញ​ពាក្យស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រុមចម្រុះ​ឱ្យ​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើលថា តើ​វា​ដើរ​ត្រឹមត្រូវ​ឬទេ?។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យកប្រាក់​ទេ។

 

ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកប្រើប្រាស់​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​ចម្រុះ​ទេនោះ ពួកគេ​អាច​ទៅ​ទិញ​នាឡិកា(កុង​ទ័​រ)ណាមួយ​ដែល​ពួកគេ​យល់ឃើញថា​ត្រឹមត្រូវ (ទោះជា​ទិញ​ពី​អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក -ល-ក៏ដោយ) រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​រួម​ខាងលើ​ពិនិត្យ​ព្រមទាំង​អនុញ្ញាតឱ្យ​ដាក់​នាឡិការ​នោះ​វាស់ និង​កត់ត្រា​ទន្ទឹមគ្នា​នឹង​នាឡិកា​ចាស់​របស់​អ្នកផ្គត់ផ្គង់​ក្នុង​រយៈពេល 3ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា​ថា តើ​នាឡិកា​ចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នកប្រើប្រាស់​ទិញ​មក​ដាក់​នោះដែរ​ទេ?។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា វា​ខុសគ្នា​មែន ខាង​អាជ្ញាធរ​នឹង​រក​ខុសត្រូវ​ជូន​អ្នកប្រើប្រាស់​នោះ​ភ្លាម។

ការចុះពិនិត្យ និង​ធ្វើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ JICA ខាងលើនេះ គឺ​បានបង្ហាញ​ពី​តម្លាភាព​កាន់តែ​ធំ និង​បង្ហាញថា កិច្ចការ​ស្វែងរក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​លើ​គីឡូ​អគ្គិសនី ឬ​ថ្លៃ​អគ្គិសនី​អស់​ច្រើន​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានធ្វើ​ពីមុនមក​នោះ ទោះជា​ខាង​អ្នកបច្ចេកទេស​ជប៉ុន ក៏​គេ​ត្រូវតែ​ធ្វើបែបនេះ​ដូចគ្នា​ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *