មន្ត្រីប៉ូលិសជិះសេះដេញតាមរថយន្ត និងប្រាប់ឱ្យឈប់ បន្ទាប់ពីបានឃើញម្ចាស់រថយន្តបើកបរបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ រួចក៏បានពិន័យ និងដកពិន្ទុប័ណ្ណបើកបរ។
កាលពីថ្ងៃទី 16 មីនា ទំព័រ Guardian ដកស្រង់វីដេអូពីទំព័របណ្ដាញសង្គមរបស់ក្រុមប៉ូលិសចរាចរណ៍ Avon និង Somerset (RPU) បង្ហាញថា មន្ត្រីប៉ូលិសពីររូបជិះសេះដេញតាមរថយន្តមួយគ្រឿង ក្រោយពីមើលឃើញថា ម្ចាស់ឡាននិយាយទូរស័ព្ទពេលកំពុងបើកបរ។ RPU ឱ្យដឹងថា វីដេអូនេះត្រូវបានថតដោយកាម៉េរិកដែលបំពាក់លើខ្លួនប៉ូលិស និងកាម៉េរិកសុវត្ថិភាពចរាចរណ៍កាលពីថ្ងៃទី 07 មីនា។
«លោកដឹងហើយថា មិនត្រូវប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ» ស្ត្រីជាមន្ត្រីប៉ូលិសល្បាតនិយាយនៅពេលឡានឈប់លើដងផ្លូវមួយនៅក្នុងទីរួមស្រុក Tauton, Somerset។
អ្នកបើកបរត្រូវបានប៉ូលិសធ្វើកំណត់ហេតុ និងពិន័យជាប្រាក់ 200 ផោន (242 ដុល្លារអាម៉េរិក) ទន្ទឹមនឹងការដក 6 ពិន្ទុនៅលើប័ណ្ណបើកបរ។ RPU ឱ្យដឹងថា ចាប់ពីដើមឆ្នាំ 2021 មកដល់បច្ចុប្បន្ន តំបន់ Avon និង Somerset មានគ្រោះថ្នាក់ចរាចរណ៍ជាង 4,500 ករណី។
ចាប់ពីខែមីនា 2022 ការប្រើប្រាស់ទូរស័ព្ទចល័ត កុំព្យូទ័រ ឬឧបករណ៍ទាំងឡាយណាដែលអាចផ្ញើ និងទទួលទិន្នន័យ ពេលកំពុងបើកបររថយន្ត ឬម៉ូតូនៅប្រទេសអង់គ្លេស សុទ្ធតែត្រូវបានចាត់ទុកថាខុសច្បាប់។
អ្នកដែលល្មើសនឹងច្បាប់ខាងលើអាចត្រូវបានពិន័យជាប្រាក់ឡើងដល់ 1,000 ផោន ទន្ទឹមនឹងការដក 6 ពិន្ទុ ឬត្រូវដកហូតប័ណ្ណបើកបរ៕