នៅទីបញ្ចប់កម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់អន្ដរជាតិ Miss Grand International 2017 បានរកឃើញម្ចាស់គ្រងតំណែងមកុដហើយ គឺបានទៅលើបេក្ខនារី Maria Jose Lora ជាបវរកញ្ញាតំណាងប្រទេស ប៉េរូ តែដោយឡែកនៅក្នុងកម្មវិធីទាំងមូលក៏មានការចាប់អារម្មណ៍ជាខ្លាំងទៅលើពិធីកររាងសង្ហាមួយរូបដែលបានធ្វើបវរកញ្ញានៅលើឆាកទាំងអស់ រួមទាំងទស្សនិកជន(ជាសុភាពនារី)ផងនោះ ទប់អារម្មណ៍សឹងតែមិនចង់បានខណៈបានឃើញរូបលោកនៅលើវេទិកា។ ពិធីកររូបនេះមានឈ្មោះថា Xian Lim គឺជាតារាកូនកាត់ចិន និងហ្វ៊ីលីពីន ហើយលោកមានអាជីពជាតារាសម្ដែង និងបង្ហាញម៉ូដ។
តារាប្រុសរូបនេះ មានឈ្មោះពេញគឺ Alexander Xian Cruz Lim-Uy កើតនៅឆ្នាំ 1989 ឪពុកម្ដាយរបស់លោកមានសែស្រឡាយជាជនជាតិចិន ហើយបានមករស់នៅក្នុងប្រទេស ហ្វ៊ីលីពីន។ លោកបានប្រសូតនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ San Francisco លុះអាយុបាន 6 ឆ្នាំ ក៏វិលត្រឡប់មករស់នៅក្នុងប្រទេសហ្វ៊ីលីពីនវិញ។ ក្រោយមកដល់អាយុ 10 ឆ្នាំ លោកបានធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិកវិញ និងបន្ដការសិក្សានៅទីនោះរហូតដល់ចប់ថ្នាក់វិទ្យាល័យនៅអាយុ 18 ឆ្នាំ។ តារាប្រុសរូបនេះ បានចាប់ផ្ដើមសម្ដែងក្នុងខ្សែភាពយន្ដជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2011 ខ្សែភាពយន្ដនោះមានចំណងជើងថា “My Binondo Girl” ។
គួរបញ្ជាក់ផងដែរថា លោក Xian Lim មានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងពិភពសិល្បៈប្រទេស ហ្វ៊ីលីពីន ព្រមទាំងមានអ្នកគាំទ្រ និងស្រឡាញ់លោកជាច្រើនសិបពាន់នាក់ទៀតផង ។ ហើយថ្មីៗនេះ លោកកំពុងតែថតភាពយន្ដភាគទូរទស្សន៍រឿងថ្មីមួយទៀត ដែលមានចំណងជើងថា “Bride For Rent” ( Bride borrowed) ៕