
ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាយុក្រោមម្ភៃឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ី (U-20 ឥណ្ឌូណេស៊ី) កំពុងតែត្រៀមសម្រាប់ការផ្ដល់សញ្ជាតិដល់កីឡាករបាល់ទាត់អឺរ៉ុបចំនួនបីរូប ក្នុងបំណងពង្រឹងកម្លាំងសម្រាប់ទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ U-20 World Cup 2023។
U-20 ឥណ្ឌូណេស៊ី មិនបានឡើងទៅកាន់វគ្គ ¼ នៅឯពានរង្វាន់ U-20 អាស៊ី បន្ទាប់ពីត្រូវចាញ់ U-20 អ៊ីរ៉ាក់, ឈ្នះ U-20 ស៊ីរី និងស្មើ U-20 អ៊ូសបេគីស្ថានកាលពីពេលថ្មីៗនេះ។
ថ្វីបើមិនស្ថិតក្នុងចំណោមបួនក្រុមដែលខ្លាំងបំផុតប្រចាំតំបន់អាស៊ី តែ U-20 ឥណ្ឌូណេស៊ី នៅតែមានសិទ្ធរួមដំណើរជាមួយក្រុមកូរ៉េខាងត្បូង, ជប៉ុន អ៊ីរ៉ាក់ និងអ៊ូសបេគីស្ថាន ឡើងទៅប្រកួតនៅដណ្ដើមពាន់រង្វាន់ U-20 World Cup 2023 ព្រោះតែ U-20 ឥណ្ឌូណេស៊ីគឺជាក្រុមម្ចាស់ផ្ទះ។

ថ្មីៗនេះ កូនសិស្ស និងគ្រូបង្វឹក Shin Tae-yong របស់ U-20 ឥណ្ឌូណេស៊ី បានទទួលភារកិច្ចក្នុងការឆ្លងឱ្យផុតវគ្គសន្សំពិន្ទុនៅ U-20 World Cup 2023 ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ដើម្បីសម្រេចបានភារកិច្ចនេះ ឥណ្ឌូណេស៊ីកំពុងប្រឹងប្រែងរៀងចំការផ្ដល់សញ្ជាតិដល់កីឡាករបីរូបដែលកំពុងលេងនៅអឺរ៉ុប រួមមាន Justin Hubner, Ivar Jenner និង Raphael Struick។
ខាងលើនេះសុទ្ធតែជាកីឡាករដែលមានជំនាញប្រកបដោយសក្ដានុពល និងកំពុងលេងឱ្យក្លឹបនានានៅអង់គ្លេស និងហូឡង់។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី លោក Erick Thohir ថ្លែងថា «អំពីការផ្ដល់សញ្ជាតិ គ្រប់យ៉ាងកំពុងដំណើរការទៅតាមផែនការដែលបានកំណត់»៕
