
(ប្រទេសចិន) – Dai Yinglu ដែលជាអ្នកនិពន្ធមួយរូបរបស់ខ្សែភាពយន្តរឿង «លោកគ្រូថាងចេង» (Journey to the West) 1982 បានទទួលមរណភាពកាលពីថ្ងៃទី 14 មីនា 2023 ក្នុងវ័យ 82 ឆ្នាំ។
យោងតាម The Paper លោក Dai Yinglu បានលាចាកលោកនៅឯទីក្រុងប៉េកាំង ដោយសារវ័យចំណាស់ កម្លាំងខ្សោយ។ អ្នកសម្ដែង Liu Xiao Ling Tong (តួអង្គស៊ុនអ៊ូខុង) បាននិយាយថា អ្នកនិពន្ធ Dai Yinglu គឺជាមិត្ត និងជាគ្រូរបស់លោក។ លោក Liu Xiao Ling Tong មានការសោកស្ដាយណាស់នៅពេលអ្នកនិពន្ធទាំងបីរូបរបស់ភាពយន្តរឿង «លោកគ្រូថាងចេង» សុទ្ធតែបានលាចាកលោកអស់ទៅហើយ។
Dai Yinglu កើតនៅខេត្ត Heilongjiang ប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រចិននៅមហាវិទ្យាល័យ Heilongjiang ហើយក្រោយមកក៏ធ្វើការនៅវិទ្យាស្ថានល្ខោនចិន។ គាត់ធ្លាប់បានសរសេរសាច់រឿងសម្រាប់ល្ខោន និងភាពយន្តជាច្រើន។

ខ្សែភាពយន្តរឿង «លោកគ្រូថាងចេង» (Journey to the West) ត្រូវបានផលិតដោយទូរទស្សន៍ជាតិចិន និងមជ្ឈមណ្ឌលផលិតកម្មភាពយន្តទូរទស្សន៍ចិន គឺជាស្នាដៃដ៏លេចធ្លោមួយរបស់លោក Dai Yinglu។ ភាពយន្តនេះដឹកនាំសម្ដែងដោយ Yang Jie សហការនិពន្ធដោយ Dai Yinglu, Yang Jie និង Zou Yiqing។ វាត្រូវបានចាក់បញ្ចាំងចាប់ពីឆ្នាំ 1982។




