លោក David Wagner ចាត់ទុកលោក Jurgen Klopp គឺជាសមាជិកម្នាក់នៃក្រុមគ្រួសាររបស់លោក ប៉ុន្តែ នៅថ្ងៃសៅរ៍នេះគ្រូបង្វឹករូបនេះនឹងត្រូវទុកមិត្តភាពរបស់ពួកគេមួយឡែក និងសង្ឃឹមថា ក្រុម Huddersfield អាចនឹងផ្តួលក្រុម Liverpool ជាលើកទី1បើគិតចាប់តាំងពីឆ្នាំ១៩៥៩មក។
ក្រុមរបស់លោក Wagner នឹងធ្វើដំណើរទៅកាន់ការប្រកួតនេះដោយការជឿជាក់ដ៏ខ្ពស់មួយ ក្រោយពីបានផ្តួលក្រុម Manchester United ជាលើកទី1គិតចាប់តាំងពីឆ្នាំ1992មក កាលពីថ្ងៃសៅរ៍មុន ដែលធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ11 ក្រោយពីការប្រកួត9លើក។ ការទទួលជ័យជម្នះលើក្រុម Liverpool ធ្វើឲ្យក្រុម Huddersfield ឡើងទៅឈរពីលើក្រុមហង្សក្រហមមួយនេះ និងធ្វើការដាក់សម្ពាធកាន់តែខ្លាំងលើមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោក ដែលជាឪពុកធម៌របស់កូនទាំង3នាក់របស់លោក Wagner ក្រោយពីការជួបភាពត្រដាបត្រដួសក្នុងក្របខ័ណ្ឌលីកក្នុងរដូវកាលនេះ។
ស្របពេលជាមួយគ្នានេះ ក្រុម Man City នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម West Brom ដែលនឹងសម្លឹងរកការធ្វើឲ្យបានល្អប្រសើរជាងពេលជួបជាមួយនឹងក្រុម Wolves កាលពីពាក់កណ្តាលសប្តាហ៍នេះ ខណៈដែល Sergio Aguero នឹងសម្លឹងរកការបំបែកកំណត់ត្រាក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិបនេះ។ លោក Wagner ដែលត្រូវបានយកទៅធ្វើការជាមួយដោយលោក Klopp ក្នុងក្លិប Borussia Dortmund កាលពីឆ្នាំ2011នោះ បានបង្ហើបពីទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែ ក៏ចង់ឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះផងដែរ។
លោក Wagner បានឲ្យដឹងថា៖ «វាគឺជាមិត្តភាពដ៏អស្ចារ្យមួយ។ វាលើសពីមិត្តភាពធម្មតាទៅទៀត។ រូបគាត់គឺជាសមាជិកម្នាក់នៃគ្រួសាររបស់ខ្ញុំ ដែលលើសពីមិត្តភ័ក្តិម្នាក់ទៅទៀត។ ប៉ុន្តែ ខ្ញុំគិតថា រឿងដ៏សំខាន់ និងអស្ចារ្យនោះគឺថា Huddersfield Town នឹងជួបជាមួយនឹងក្រុម Liverpool ក្នុងការប្រកួតដ៏ស្វិតស្វាញមួយនៃក្របខ័ណ្ឌ Premier League»។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង9យប់ដូចគ្នា៕
ប្រភពពី៖ Sky Sport