(សហរដ្ឋអាម៉េរិក) – ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា-NASA) កំពុងរៀបផែនការអភិវឌ្ឍយានអវកាសមួយដែលអាចអូសស្ថានីយអវកាសអន្តរជាតិ (ISS) ចេញពីគន្លងគោចរ ដើម្បីឱ្យ ISS រំលាយខ្លួនឯងពេលហោះធ្លាក់ឆ្លងកាត់បរិយាកាសផែនដី។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 13 មីនា ណាសាឱ្យដឹងថា នឹងចំណាយប្រាក់ 180 លានដុល្លារដើម្បីផលិតយានអវកាសមួយសម្រាប់ជួយឱ្យ ISS ចាកចេញផុតពីគន្លងគោចរដោយសុវត្ថិភាព និងទម្លាក់ខ្លួនទៅលើសមុទ្រ ក្រោយពីបានបញ្ចប់ដំណើរការនៅឆ្នាំ 2030។ យានអវកាសថ្មីរបស់ណាសា ក៏នឹងគាំទ្រដល់សកម្មភាពចាកចេញពីគន្លងតារាវិថីរបស់បណ្ដាដៃគូសហការរបស់ ISS ដែលរួមមាន ស្ថាប័នអវកាសរបស់សហរដ្ឋអាម៉េរិក រុស្ស៊ី អឺរ៉ុប កាណាដា និងជប៉ុន។
គម្រោងនៅចំពោះមុខគឺការបញ្ឆេះម៉ាស៊ីនរបស់យានអវកាសដឹកទំនិញស្វ័យប្រវត្ត Progress របស់រុស្ស៊ី ដើម្បីឱ្យ ISS បន្ទាបខ្លួនជាបណ្ដើរ។ រុស្ស៊ីក៏បានប្រកាសដកខ្លួនពី ISS បន្ទាប់ពីឆ្នាំ 2024 ដើម្បីសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន។ ព័ត៌មាននេះទំនងជាបានជំរុញឱ្យណាសាអភិវឌ្ឍយានអវកាសថ្មី។
ណាសាក៏បានឱ្យដឹងថា ថវិកាដែលត្រូវប្រើប្រាស់នៅឆ្នាំក្រោយសម្រាប់កម្មវិធី Artemis គឺ 8.1 ពាន់លានដុល្លារ។ កញ្ចប់ថវិកានេះនឹងជួយឱ្យណាសាអនុវត្តបេសកកម្ម Artemis 2 និង Artemis 3 នៅឆ្នាំ 2024 និង 2025។ នេះបើយោងតាមទំព័រ Space។
បេសកកម្ម Artemis 2 នឹងនាំអ្នកអវកាសហោះជុំវិញឋានព្រះចន្ទ ខណៈដែល Artemis 3 នឹងចុះចតក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទនៅក្នុងបេសកកម្មមានមនុស្សដំបូង រាប់ចាប់តាំងពីសម័យ Apollo 17 កាលពីឆ្នាំ 1972។ ចំណែក បេសកកម្ម Artemis 4 ដែលគ្រោងនឹងដំឡើងស្ថានីយអវកាស Gateway របស់ណាសានៅលើគន្លងគោចរព្រះចន្ទ នឹងត្រូវពន្យារពេលដល់ឆ្នាំ 2028 បើសិនជាគ្រប់យ៉ាងដំណើរការត្រូវតាមផែនការ៕