ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen មានគម្រោងវិនិយោគ 192.76 ពាន់លានដុល្លារអាម៉េរិកក្នុងប្រាំឆ្នាំខាងមុខ ទៅលើវិស័យមួយចំនួនមានដូចជា ការផលិតថ្មផ្ទុកអគ្គិសនី និងបណ្ដាសកម្មភាពនៅអាម៉េរិកខាងជើង រួមនឹងការកាត់បន្ថយការផលិតម៉ាស៊ីនចំហេះក្នុងចាប់ពីឆ្នាំ 2025។
Volkswagen កំពុងឆ្ពោះទៅកាន់គោលដៅលក់រថយន្តអគ្គិសនីឱ្យបាន 50% នៅទូទាំងសកលលោកនៅត្រឹមឆ្នាំ 2030 ក្នុងនោះ 2/3 នៃខ្ទង់វិនិយោគក្នុងប្រាំឆ្នាំខាងលើនឹងត្រូវបានប្រគល់ឱ្យផ្នែកផលិតរថយន្តអគ្គិសនី ហើយរថយន្តដែលលក់ចេញនឹងសម្រេចឱ្យបាន 56% នៅក្នុងផែនការប្រាំឆ្នាំដែលពួកគេបានលើកឡើងកាលពីមួយឆ្នាំមុននោះ។
ក្នុងផែនការថ្មីបំផុត ប្រាក់ជាង 16 ពាន់លានដុល្លារអាម៉េរិកនឹងត្រូវបានវិនិយោគទៅលើបណ្ដារោងចក្រផលិតថ្មផ្ទុកថាមពលអគ្គិសនី និងវត្ថុធាតុដើម, 2.1 ពាន់លានដុល្លារនឹងត្រូវវិនិយោគទៅលើរោងចក្រផលិតរថយន្តអគ្គិសនីរបស់ Scout ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Volkswagen នៅ Carolina ខាងជើង ក្នុងទឹកដីអាម៉េរិក។
ការវិនិយោគទៅលើបច្ចេកវិទ្យាសម្រាប់ម៉ាស៊ីនចំហេះក្នុងនឹងឡើងដល់ចំណុចកំពូលនៅឆ្នាំ 2025 ហើយនេះក៏នឹងជាពេលវេលាដែល Volkswagen គ្រោងនឹងកាត់បន្ថយការផលិតរថយន្តម៉ាស៊ីនប្រើម៉ាស៊ីនចំហេះក្នុងជាបណ្ដើរៗ។
កាលពីថ្ងៃទី 13 មីនា 2023 Volkswagen បានប្រកាសអំពីរោងចក្រផលិតថ្មផ្ទុកអគ្គិសនីនៅកាណាដា ដែលជារោងចក្រផលិតថ្មដំបូងរបស់ខ្លួននៅខាងក្រៅអឺរ៉ុប។ រោងចក្រនេះគ្រោងនឹងចាប់ផ្ដើមការផលិតនៅឆ្នាំ 2027៕