(វៀងចន្ទន៍)៖ រថភ្លើងល្បឿនលឿនគួនមិញ (ប្រទេសចិន)-វៀងចន្ទន៍ (ប្រទេសឡាវ) ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត នេះបើតាមប្រសាសន៍របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឯកឧត្ដម ថោង ខុន ក្នុងខែមីនាឆ្នាំនេះ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីរដ្ឋធានីវៀងចន្ទ ទៅកាន់ហ្លួងព្រះបាង។
«រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ» លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះ និងបន្តថា ប្រការនេះបង្ហាញពីក្តីសង្ឃឹមអំពីលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាសង្កត់ធ្ងន់ថា «មានមនុស្សច្រើមនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃសំបុត្រថោក ហើយសុវត្ថិភាព»។
យោងតាមក្រសួងទេសចរណ៍ គណៈប្រតិភូកម្ពុជា និងភាគីឡាវ ក៏បានជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅ-មករវាងប្រទេសទាំងពីរ។
ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រដ្ឋធានីវៀងចន្ទន៍របស់ឡាវ និងទីក្រុងរដ្ឋបាលគួនមិញនៃខេត្តយូណានរបស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី 03 ធ្នូ 2021 បន្ទាប់ពីការស្ថាបនាក្នុងរយៈពេលប្រាំឆ្នាំ។
ដោយអាចបើកបរក្នុងល្បឿន 160 គីឡូម៉ែត្រ/ម៉ោង ផ្លូវដែកប្រវែង 1,035 គីឡូម៉ែត្រពីគូនមិញទៅកាន់វៀងចន្ទន៍នេះ ត្រូវឆ្លងកាត់ផ្លូវរូងក្នុងភ្នំ និងស្ពានរាប់រយគីឡូម៉ែត្រ។ កំណត់ផ្លូវដែលស្ថិតក្នុងប្រទេសឡាវមានប្រវែង 422 គីឡូម៉ែត្រ រាប់ពីរដ្ឋធានីវៀងចន្ទន៍ដល់ស្ថានីយ Boten នៅក្បែរព្រំដែនឡាវ-ចិន។
គម្រោងផ្លូវដែកល្បឿនលឿននេះមានតម្លៃ 6 ពាន់លានដុល្លារអាម៉េរិក។ នេះគឺជាផែនការដំបូងនៅក្នុងមហិច្ឆតារបស់ប៉េកាំង ទាក់ទងនឹងបណ្ដាញផ្លូវដែកដែលតភ្ជាប់ភាគខាងត្បូងប្រទេសចិនជាមួយនឹងបាងកក (ប្រទេសថៃ), កូឡាឡាំពួ (ម៉ាឡេស៊ី) និងចុងក្រោយគឺសិង្ហបុរី៕