ភាពយន្តរឿង «The Little Mermaid» បានបញ្ចេញ Trailer ជាលើកដំបូង បង្ហាញថា នេះគឺរឿងស្ដីពីទេពមច្ឆា Ariel ដែលសម្ដែងដោយតារាស្បែកខ្មៅ Halle Bailey បានជួបកូនស្ដេច។
កាលពីថ្ងៃទី 13 មីនា ផលិតកម្មភាពយន្ត Disney បានបញ្ចេញ trailer វែងជាលើកដំបូងរបស់រឿង «The Little Mermaid» ដែលជាកំណែសម្ដែងដោយមនុស្ស នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscar 2023។ វីដេអូខ្លី ប្រហែលពីរនាទី បានចាប់ផ្ដើមដោយការបង្ហាញទិដ្ឋភាពជួបគ្នាដោយចៃដន្យរវាង Ariel និងព្រះអង្គម្ចាស់ Eric (សម្ដែងដោយតារាអង់គ្លេស Jonah Hauer-King)។ ទេពមច្ឆា Ariel ជួយសង្គ្រោះ Eric បន្ទាប់ពីហេតុការណ៍លិចកប៉ាល់។ ប៉ុន្តែ ទង្វើនេះត្រូវរងការស្ដីបន្ទោសពីព្រះបិតា Triton (Javier Bardem) ព្រោះតែ Ariel ឡើងគោកដោយចិត្តឯង។
Trailer នេះក៏បង្ហើបឱ្យដឹងអំពីឧបាយកលរបស់មេធ្មប់ Ursula (Melissa McCarthy) ដែលប្រើប្រាស់ភាពស្មោះត្រង់របស់ Ariel ដើម្បីប្លន់យកសំឡេងច្រៀងរបស់នាង។ មិត្តភ័ក្ដិបីរូបរបស់ទេពមច្ឆា Ariel រួមមាន ត្រី Flounder, ក្ដាម Sebastian និងសត្វរំពេរ Scuttle ក៏មានវត្តមាននៅក្នុង trailer នេះ។ ចំណែកចម្រៀងវិញគឺជាបទដ៏ល្បីល្បាញ Part of Your World របស់ «The Little Mermaid» ប៉ុន្តែត្រូវបានប្រគំទៅតាមបែបថ្មី។
ខ្សែភាពយន្តដែលដឹកនាំសម្ដែងដោយ Rob Marshall នេះគឺជាគម្រោង live-action (មនុស្សសម្ដែង) ដែលមានការចំណាយច្រើន និងត្រូវបានផលិតតាមលំនាំភាពយន្តគំនូរជីវចលឆ្នាំ 1989។ សាច់រឿងរបស់ភាពយន្តនេះគឺយោងតាមរឿងព្រេងនិទានដែលសរសេរដោយ Hans Christian Andersen។ ក្រៅពី Bailey ភាពយន្តនេះក៏មានវត្តមានរបស់តារាសម្ដែងល្បីៗមួយចំនួនទៀត មានដូចជា Melissa McCarthy, Jacob Tremblay និង Awkwafina ជាដើម។
Trailer ដំបូងរបស់ «The Little Mermaid»
រឿង «The Little Mermaid» គឺជាភាពយន្តដំបូងដែល Halle សម្ដែងជាតួអង្គឯក។ មុននោះ តារាភាពយន្តកើតឆ្នាំ 2000 រូបនេះធ្លាប់បានចូលរួមសម្ដែងក្នុងភាពយន្តទូរទស្សន៍មួយចំនួនក្នុងនាមជាតារាកុមារ៕