រដូវកាលទី ៣ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ មួយនៅសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ (SEATV) នឹងចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍ ស្អែកនេះហើយដោយវគ្គ ដំបូងនៃជម្រុះសន្សំពិន្ទុនោះ អ្នកប្រដាល់ ង៉ែត្រ រដ្ឋា របស់កម្ពុជា នឹងត្រូវប៉ះជើងខ្លាំងរបស់ថៃ Loom Leng ។
ង៉ែត្រ រដ្ឋា ជាកីឡាករមានស្នៀតទាត់ និងជង្គង់ល្អ រឹងមាំ និងអាចវាយធានា ៥ ទឹកបានល្អ ហើយមួយរយៈចុងក្រោយនេះ គេប្រឹងប្រែងហ្វឹកហាត់ និងធ្លាប់ឈ្នះខ្សែក្រវាត់ស្រាបៀរកម្ពុជាពីគង់ សំបូរ មកគ្រប់គ្រងផងដែរក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនេះ។ ង៉ែត្រ រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ និងប្រកួតបានចំនួន ៧២ លើក ឈ្នះ ៦១ លើក ចាញ់ ៨ លើក និងស្មើ ៣ លើក។
សមត្ថភាពវិជ្ជាគុន និងកម្លាំងរបស់កីឡាករថៃ មានប្រៀបជាងកីឡាករកម្ពុជា ហើយកីឡាករកម្ពុជា ត្រូវបានគេរំពឹងទុកថា មានភាគរយឈ្នះតិចណាស់។ ទោះជាយ៉ាងនេះក្តី មន្ត្រីបច្ចេកទេសគណៈកម្មការផ្គូផ្គងសង្វៀន SEATV បានអះអាងថា៖ «សមត្ថភាពរវាងកីឡាករកម្ពុជា និងថៃមានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែអ្វីដែលមតិលើកឡើងថា កីឡាករកម្ពុជាចាញ់ប្រៀបថៃនោះ អាចទាក់ទងទៅនឹងផ្នែកកម្លាំងដែលបណ្តាលមកពីការហ្វឹកហាត់មិនបានដិតដល់ប៉ុណ្ណោះ»។
ប្រភពដ៍ដែរបន្តថា៖ ប្រសិនជាង៉ែត្រ រដ្ឋា ហ្វឹកហាត់ល្អ ប្រកួតអស់ពីសមត្ថភាពវិញ កីឡាករកម្ពុជាក្នុងទម្ងន់ស្មើគ្នា មិនងាយនឹងឈ្នះគេទេ ប៉ុន្តែ កីឡាកររូបនេះធ្លាប់មានប្រវត្តិវាយមិនអស់សមត្ថភាព។ ដោយឡែក Loom Leng មានប្រវត្តិប្រកួតបានចំនួន ៦៨ លើក ឈ្នះ ៥៦ លើក ចាញ់ ១១ លើក និងស្មើ ១ លើក ហើយក្នុងការប្រកួតកំដៅសាច់ដុំកាលពីសប្តាហ៍មុន រូបគេបានសុំចុះចាញ់សូត្រ ប៊ុនធី ក្នុងទឹកទី ៣។
ជាមួយគ្នានេះដែល បើអ្នកវិភាគប្រដាល់តាមហាងការហ្វេបានលើកឡើងថា៖ «យើងមិនអាចទស្សន៍ទាយឲ្យប្រាកដមុនបានទេពីលទ្ធផលប្រកួតនោះ ប៉ុន្តែតាមរយៈការហ្វឹកហាត់ ខ្ញុំគិតថា Loom Leng មានប្រៀបឈ្នះង៉ែត្រ រដ្ឋា ៧០ ភាគរយ»៕