Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កំពុងរៀបផែនការអភិវឌ្ឍបណ្ដាញសង្គមថ្មីមួយទៀតដែលផ្ដោតលើអត្ថបទ ក្នុងបំណងប្រកួតប្រជែងជាមួយ Twitter របស់មហាសេដ្ឋី Elon Musk។
«យើងកំពុងសិក្សាស្រាវជ្រាវបណ្ដាញសង្គមវិម្ឈការឯករាជ្យ ផ្ដោតទៅលើការចែករំលែកព័ត៌មានក្នុងទម្រង់អត្ថបទ។ យើងជឿថាមានឱកាសក្នុងការស្ថាបនាបរិស្ថានដោយឡែក អនុញ្ញាតឱ្យអ្នកនិពន្ធ និងបុគ្គលល្បីឈ្មោះបង្ហោះព័ត៌មានបានទាន់ពេល» អ្នកនាំពាក្យរបស់ Meta កាលពីថ្ងៃទី 10 មីនា និយាយដូច្នេះ។
គម្រោងដែលមានឈ្មោះកូដថា P92 នេះ ត្រូវបានអភិវឌ្ឍទៅជាកម្មវិធីទូរស័ព្ទ (App) ដាច់ដោយឡែក ប៉ុន្តែអ្នកប្រើប្រាស់អាចចូលប្រើដោយគណនី Instagram។ សកម្មភាពនេះនឹងជួយឱ្យ Meta ទាក់ទាញអ្នកប្រើប្រាស់មួយចំនួនពីបណ្ដាញសង្គម Twitter ជាក្រុមដែលចង់ចាកចោល ឬបានចាកចោលបណ្ដាញសង្គមរបស់ Elon Musk ដោយសារតែការកំណត់ថ្មីមួយចំនួន។
ប្រភពព័ត៌មាននានាបានឱ្យដឹងថា P92 ត្រូវបានគ្រប់គ្រងដោយនាយកប្រតិបត្តិរបស់ Instagram លោក Adam Mosseri។ នេះគឺជាផ្នែកមួយនៅក្នុងកិច្ចប្រឹងប្រែងរបស់ Meta ដើម្បីពង្រីកខ្លួនចេញពី Facebook, WhatsApp និង Instagram និងដើម្បីវាយលុកទីផ្សារដែលកំពុងគ្រប់គ្រងដោយ Twitter។
Facebook, Instagram និង Twitter គឺជាបណ្ដាញសង្គម។ ក៏ប៉ុន្តែ Facebook ត្រូវបានបង្កើតឡើងក្នុងគោលដៅជួយឱ្យមនុស្សតភ្ជាប់ទំនាក់ទំនងនឹងគ្នា ដោយមានបំពាក់មុខងារជាច្រើន មានជាអាទិ៍ មុខងារសរសេរ status, បង្ហោះរូបថត វីដេអូ និងលេងហ្កេមជាដើម។ ចំណែក Instagram វិញ គឺជាបណ្ដាញសង្គមចែករំលែករូបថត។ រីឯ Twitter ត្រូវបានអភិវឌ្ឍសម្រាប់ការបង្ហោះសារខ្លីៗ។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា Meta ចាប់ផ្ដើមអភិវឌ្ឍគម្រោង P92 នៅពេលណា ហើយបានចាប់ផ្ដើមដំណើរការអភិវឌ្ឍហើយ ឬនៅ៕