ជាលើកដំបូងហើយក្រោយរយៈពេល 9 ឆ្នាំ ដែលក្រុមកីឡាបាល់ទាត់វ័យក្រោមម្ភៃឆ្នាំរបស់ចិន ដណ្ដើមបានជោគជ័យ ដោយឆ្លងផុតវគ្គសន្សំពិន្ទុ និងបានចូលដល់វគ្គជម្រុះផ្ទាល់ (knock-out) នៅពានរង្វាន់ជើងឯក U-20 អាស៊ី 2023 (2023 AFC U-20 Asian Cup)។
នៅក្នុងអត្ថបទដែលមានចំណងជើងថា «ឡើងដល់វគ្គ ¼ ហើយ! សម្រាប់បាល់ទាត់ចិន នេះគឺជាពន្លឺដ៏មានតម្លៃក្នុងរាត្រីងងឹត» នៅលើទំព័រ Sina របស់ចិន អ្នកនិពន្ធបានវាយតម្លៃអំពីក្រុមជម្រើសជាតិ U-20 ចិន និងផ្ដល់យោបល់ដើម្បីជួយឱ្យក្រុមនេះមានប្រៀបជាងគូប្រកួតនៅក្នុងវគ្គ 8 ក្រុមចុងក្រោយ។
«…ការណ៍ដែល U-20 ចិន ឡើងដល់វគ្គ ¼ គឺជារឿងដ៏គួរឱ្យត្រេកអរ។ ក្រោយអវត្តមានរយៈពេល 9 ឆ្នាំពេញ U-20 ចិន បានឆ្លងផុតវគ្គសន្សំពិន្ទុ ប៉ុន្តែ អ្នកគាំទ្រពុំមានការជឿជាក់នៅពេលធ្លាក់ទៅក្នុង «ពូលមរណៈ» (ពូលដែលមានក្រុមខ្លាំង) នៅបួនគូចុងក្រោយ»។
សារព័ត៌មាន Sina ក៏បានចង្អុលបង្ហាញកត្តាសំខាន់ដែលនឹងជួយឱ្យ U-20 ចិន ដោះស្រាយសម្ពាធនៅពេលប្រឈមនឹង U-20 កូរ៉េខាងត្បូង នៅក្នុងវគ្គ ¼។ Sina បានសរសេរលើកតម្កើងអ្នកចាំទី Li Hao ថា ក្នុងបីប្រកួតនៅវគ្គសន្សំពិន្ទុ អ្នកចាំទីរូបនេះបានជួយសង្គ្រោះក្រុមរបស់ខ្លួនបានជោគជ័យរហូតដល់ 22 លើក។
នៅក្នុងការប្រកួតបន្ទាប់ U-20 ចិននឹងត្រូវប្រឈមនឹងការវាយលុកខ្លាំងក្លាពី U-20 កូរ៉េខាងត្បូង ប៉ុន្តែពេលនោះ អ្នកចាំទី Li Hao នឹងមានតួនាទីច្រើននៅក្នុងការសម្រេចលើលទ្ធផលឈ្នះ-ចាញ់ នេះបើតាមទំព័រ Sina។
Sina បានបន្ថែមថា U-20 ចិន ត្រូវតែលេងឱ្យដូចទៅនឹងរបៀបដែលគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Park Hang-seo ធ្លាប់ដឹកនាំកូនសិស្សលេងនៅអាស៊ី។ ប៉ុន្តែ បើសិនបញ្ចេញកម្លាំងសុទ្ធសាធដើម្បីប្រជែងជាមួយ U-20 កូរ៉េខាងត្បូង នោះមិនយូរមិនឆាប់ ភាពខុសគ្នាអំពីសមត្ថភាពផ្ទាល់ខ្លួនរវាងក្រុមទាំងពីរនឹងលេចឡើងយ៉ាងច្បាស់ ហើយពេលនោះ U-20 ចិន ប្រាកដជាចាញ់។
នៅក្នុងវគ្គបួនក្រុមចុងក្រោយរបស់ U-20 អាស៊ី 2023 នេះ រួមមាន អ៊ីរ៉ង់-អ៊ីរ៉ាក់, អ៊ុយបេគីស្ថាន-អូស្ត្រាលី, កូរ៉េខាងត្បូង-ចិន និង ជប៉ុន-ហ្ស៊កដានី ដែលគូទីមួយ និងទីពីរត្រូវប្រកួតនៅថ្ងៃទី 11 មីនា ចំណែកគូទីបី និងទីបួនត្រូវប្រកួតក្នុងថ្ងៃទី 12 មីនា 2023៕