ការប្រកួតជើងទីបីនៃវគ្គសន្សំពិន្ទុនៅ U20 អាស៊ី 2023 (2023 AFC U-20 Asian Cup) បានបញ្ចប់ ក៏ជាពេលដែលគេកំណាត់បាននូវគូប្រកួតពេញលេញសម្រាប់បួនគូនៅវគ្គ ¼។
បណ្ដាក្រុមខ្លាំងៗដែលបានបង្ហាញខ្លួនសម្រាប់វគ្គបន្ទាប់ រួមមាន U20 អូស្ត្រាលី, U20 អ៊ុយបេគីស្ថាន, U20 កូរ៉េខាងត្បូង និង U20 ចិន។ ការប្រកួតនៅវគ្គ ¼ នឹងកាន់តែគួរឱ្យចាប់អារម្មណ៍មិនខាន។
យោងតាមការកំណត់ ក្រុមលេខមួយប្រចាំពូល A គឺអ៊ុយបេគីស្ថាន នឹងប្រកួតជាមួយ U20 អូស្ត្រាលី ដំបូងគេនៅវគ្គ ¼។ ក្រុមដែលឈ្នះនឹងត្រូវប៉ះក្រុមដែលឈ្នះក្នុងគូប្រកួតរវាង U20 កូរ៉េខាងត្បូង និង U20 ចិន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដូច្នេះ គូប្រកួតទាំងនេះត្រូវបានវាយតម្លៃថាលំបាកជាងបណ្ដាគូខាងក្រោម។
បណ្ដាគូប្រកួតនៅខាងក្រោមរួមមាន U20 អ៊ីរ៉ង់ និង U20 អ៊ីរ៉ាក់នឹងជួបគ្នានៅវគ្គ ¼។ អ៊ីរ៉ាក់មិនត្រូវបានវាយតម្លៃខ្ពស់ព្រោះរកបានតែ 4 ពិន្ទុនៅវគ្គសន្សំពិន្ទុ ដោយសារឈ្នះឥណ្ឌូណេស៊ីតែមួយគត់។ ចំណែក U20 ជប៉ុន ត្រូវគេជឿថា នឹងអាចយកឈ្នះលើក្រុមខ្សោយ U20 ហ្ស៊កដានី នៅវគ្គ ¼ ដែលនឹងប្រកួតក្រោយគេ។
ដូច្នេះ ក្នុងគូប្រកួតចុងក្រោយ (ជប៉ុន និងហ្ស៊កដានី) នៃវគ្គ ¼ U20 ជប៉ុនអាចនឹងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បើសិនលេងឱ្យអស់ពីសមត្ថភាព។ ចំណែកបេក្ខភាពសម្រាប់តំណែងជើងឯកដទៃទៀត រួមមាន U20 អូស្ត្រាលី, ក្រុមម្ចាស់ផ្ទះ U20 អ៊ុយបេគីស្ថាន ឬ U20 កូរ៉េខាងត្បូង នឹងមានការលំបាក ហើយត្រូវចំណាយកម្លាំងច្រើន បើសិនចង់ឡើងដល់វគ្គចុងក្រោយ។
វគ្គ ¼ នៃពានរង្វាន់ជើងឯកបាល់ទាត់ U20 អាស៊ី 2023 នឹងចាប់ផ្ដើមនៅថ្ងៃទី 11 មីនា និង 12 មីនា 2023។ បួនក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U20 អាស៊ី 2023 នឹងទទួលបានសំបុត្រទៅចូលរួមវគ្គផ្ដាច់ព្រ័ត្ររបស់ FIFA U20 World Cup 2023 នៅប្រទេសឥណ្ឌូណេស៊ី៕